លោក សុខ ឥសាន ៖ អ្នកនិយាយថា លោក គន់ គីម មិនសមទទួលគោរមងារជា «កិត្តិសង្គហបណ្ឌិត»គឺមានគំនិតច្រណែន

ភ្នំពេញ ៖ ក្នុងន័យការពារកិត្តិយសឲ្យលោក គន់ គីម ដែលជាមន្រ្តីបម្រើការងារឲ្យរាជរដ្ឋាភិបាលកម្ពុជាលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅអ្នករិះគន់លើការផ្តល់គោរមងារឲ្យលោកគន់ គីម ជា «កិត្តិសង្គហបណ្ឌិត» នោះថា គឺពួកគេមានគំនិតច្រណែនឈ្នានីស។

លោក សុខ ឥសាន តាមបណ្តាញតេឡេក្រាមនាថ្ងៃបានថ្លែងបកទៅអ្នករិះគន់ថា “ការនិយាយថា គោរមងារជាកិត្តិសង្គហបណ្ឌិតដែលឯកឧត្តមគន់ គីមបានទទួលមិនស័ក្តិសម គឺជាគំនិតច្រណែនដែលខ្លួនឯងអន់មិនបានទទួលដូចឯកឧត្តមគន់ គីម”។

ការលើកឡើងរបស់លោក សុខ ឥសាននេះ បន្ទាប់ពីក្រុមមន្ត្រីសិទ្ធិមនុស្សពោលថា “លោក គន់ គីម មាន បាតដៃប្រឡាក់ដោយការរំលោភសិទ្ធិមនុស្សនិងរំលោភដីធ្លី មិនសក្ដិសមនឹងទទួលបានគោរមងារពីព្រះមហាក្សត្រទេ”។

ការសម្តែងមិនពេញចិត្តលើការផ្តល់គោរមងារនេះ បន្ទាប់ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោកគន់ គីម ជា «កិត្តិសង្គហបណ្ឌិត» កាលពីថ្ងៃ ៤ វិច្ឆិកា។

សូមបញ្ជាក់ថា បច្ចុប្បន្នលោក គន់ គីម ជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មានឋានៈជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងតួនាទីជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ៕ដោយ៖ រិន ចំរើន