ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ លោក W. Patrick Murphyឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា បទល្មើសជួញដូរមនុស្ស គឺមិនអាចមានប្រទេសណាមួយអនុវត្តតែម្នាក់ឯងនោះឡើយ ត្រូវតែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក W. Patrick Murphy បានកត់សម្គាល់ឃើញថា មួយរយៈនេះ មានបទល្មើស មួយចំនួនបានកើតឡើង ជាពិសេសពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើឱ្យប្រជាពលរដ្ឋនៃប្រទេសមួយចំនួន ត្រូវចាញ់បោកឧក្រិដ្ឋជននាំមកឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់។
ប៉ុន្តែទោះបីជាយ៉ាងណា លោកទូតក៏បានកោត សរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយនូវបញ្ហាដ៏មានសារៈសំខាន់នេះផងដែរ ដោយលោកថា អាមេរិកត្រៀមខ្លួនផ្ដល់កិច្ចសហការលើការងារនេះ ខណៈអាមេរិក ក៏កំពុងតែធ្វើការនេះជាមួយអន្តរក្រសួងផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះការបង្ហាញនូវឆន្ទៈរបស់អាមេរិក ក្នុងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ សម្ដេចបន្តថា ក្នុងក្របខណ្ឌនៃឆន្ទៈនយោបាយ គឺរាជរដ្ឋាភិបាលកម្ពុជាពុំមានអ្វីប្រែប្រួលនោះទេចំពោះការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។
សម្ដេចគូសបញ្ជាក់ថា បច្ចុប្បន្ន ទម្រង់នៃអំពើជួញដូរមនុស្សមានការវិវឌ្ឍប្រែប្រួលដោយសារតែមានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ក៏ដូចជាបច្ចេកវិទ្យាព័ត៌មានក្នុងការប្រព្រឹត្តបទល្មើស។ ស្របពេលគ្នានៃការដំណើរការ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តនូវកិច្ចការសំខាន់សំខាន់មួយចំនួនទៀតដែល រួមមាន៖ ការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ ទាំងអនឡាញ និងមិនអនឡាញ ការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។
សម្ដេច ស ខេង បន្ថែមថា «បញ្ហាបទល្មើសជួញដូរមនុស្សនេះ គឺមិនអាចប្រទេសណាមួយអនុវត្តតែម្នាក់ឯង នោះឡើយ តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ជាពិសេសគឺរវាងកម្លាំងអនុវត្តច្បាប់។ កន្លងមកក៏មានការផ្សព្វផ្សាយដាក់បន្ទុកមកលើកម្ពុជា អំពីបញ្ហានេះ ក៏ប៉ុន្តែជាក់ស្ដែងកិច្ចការងារនេះទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ទាំងនៅប្រទេសគោលដៅ រួមទាំងកម្ពុជា និងទាំងនៅប្រទេសដែលមានពលរដ្ឋរបស់ខ្លួនជាជនរងគ្រោះ»៕ដោយ៖ រិន ចំរើន