ភ្នំពេញ៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មានបានថ្លែងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ នឹងមានអ្នកសារព័ត៌មានជាតិ-អន្តរជាតិចំនួន១៦៥៨នាក់ចូលរួមយកព័ត៌មាន។
បើតាមលោក ផុស សុវណ្ណថ្លែងនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានស្តីពីការយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន នារសៀលថ្ងៃ៤ វិច្ឆិកានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកព័ត៌មានទាំងជិត១៧០០នាក់នេះ គឺមានអ្នកសារព័ត៌មានជាតិជាង៧០០នាក់ ក្រៅពីនោះជាអ្នកយកព័ត៌មានអន្តរជាតិ។
លោកបន្តថា ក្នុងនោះក៏មានអ្នកព័ត៌មានមកពីជប៉ុនចំនួន១៧៤នាក់ កូរ៉េខាងត្បូងចំនួន១៤៨នាក់ និងអាមេរិកចំនួន១០៣នាក់។
សម្រាប់ការយកព័ត៌មាននៅព្រលានយន្តហោះវិញចំពោះថ្នាក់ដឹកនាំមហាអំណាចនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននោះ នឹងរៀបចំឲ្យបានល្អប្រសើរ ដើម្បីបង្កការងាយស្រួល។
សូមរំលឹកថា កម្ពុជា បានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីឆ្នាំ២០០២ និង២០១២ ហើយនៅឆ្នាំ២០២២នេះ ជាលើកទី៣ហើយ ដែលកម្ពុជាម្ចាស់ផ្ទះ៕ដោយ៖ រិន ចំរើន