សម្តេចតេជោ ៖ កម្ពុជាមានស្បៀង គុយវ៉ែតមានថាមពល អាចជំរុញលើវិស័យពាណិជ្ជកម្មបាន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា គុយវ៉ែតមានថាមពល កម្ពុជាវិញមានស្បៀងអាហារ ដូច្នេះវិស័យទាំងពីរនេះ អាចជំរុញលើវិស័យពាណិជ្ជកម្មបាន ។

នេះជាការលើកឡើងរបស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឲ្យលោក មហាម៉ាត់ សាអ៉ីត អាល់ហាជរី (Mohamad S SHS Alhajri) ឯកអគ្គរដ្ឋទូតគុយវ៉ែត ចូលជួបសម្តែងការគួរសម នាថ្ងៃ៤ វិច្ឆិកា។

ក្នុងជំនួបនោះ លោកទូតមានប្រសាសន៍ថា នឹងជំរុញ ការអនុវត្តលើរាល់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរ មានកន្លងមក ក្នុងនោះមានទាំងកិច្ចព្រមព្រៀងលើការ ហោះហើរត្រង់ ការផ្ដល់ការងារដល់ពលករកម្ពុជាមានបំណងចង់ទៅធ្វើការនៅគុយវ៉ែត និងការធ្វើពាណិជ្ជកម្មស្បៀងអាហាររវាងប្រទេសទាំងពីរ។

សម្រាប់សម្តេចតេជោវិញ បានផ្ដល់អនុសាសន៍ឯកអគ្គរដ្ឋទូតគុយវ៉ែតថា គប្បីពិនិត្យមើលលើវិស័យដទៃ ទៀតដែលប្រទេសទាំងពីរអាចសហការគ្នាបាន ពីព្រោះគុយវ៉ែតមានថាមពល ដោយឡែកសម្រាប់កម្ពុជាវិញមានស្បៀងអាហារ ដែលសម្ដេចគិតថា វិស័យទាំងពីរនេះ អាចជំរុញលើវិស័យពាណិជ្ជកម្មបាន ដើម្បីធ្វើយ៉ាងណា ឲ្យមានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមកផងដែរនាពេលខាងមុខ៕ដោយ៖ រិន ចំរើន