ភ្នំពេញ៖ កិច្ចប្រតិបត្តិការក្រោម”គំរោងសម្តេចតេជោ សំរាប់សកម្មភាពមីន”ក្នុងជំហានទី១ អង្គភាពស៊ីម៉ាក់បានទទួលភារកិច្ចបញ្ចប់បញ្ហាគ្រាប់មីននៅខេត្តចំនួន៥គឺ ខេត្តតាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម និងខេត្តស្វាយរៀង ដែលផ្ទៃដីបញ្ហាគ្រាប់មីនសរុបជិត៣,០០០ហិចតា។ នេះ បើតាម លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជា ។
លោក ហេង រតនា ថ្លែងនៅថ្ងៃទី ៣ ខែវិច្ឆិកានេះ ឱ្យដឹងថា ដោយឡែគ “គំរោងសម្តេចតេជោ សំរាប់សកម្មភាពមីន” គិតមកដល់ចុងខែតុលា ឆ្នាំ២០២២នេះ សំរេចបានជិត៨០%នៃផែនការ ជាគោលដៅខេត្តទាំង៥ត្រូវបញ្ចប់បញ្ហាគ្រាប់មីននៅចុងឆ្នាំ២០២២នេះ។
បើតាម លោក ហេង រតនា អង្គភាពបោសសម្អាតមីនភាគខាងត្បូងបានទទួលអនុវត្តគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្នុងខេត្តចំនួន០៣ ខេត្តតាកែវ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ដោយសម្រេចលទ្ធផលរំដោះផ្ទៃដីចម្ការមីនចំនួនជាង១.៧០២ ហិកតា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៨១៥គ្រាប់ រកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១២០៩ គ្រាប់។
ដោយឡែកសម្រាប់ខេត្តកំពតបានរំដោះផ្ទៃដីចម្ការមីនចំនួនជាង ៦៦៤ ហិកតា រកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៨៥គ្រាប់ រកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៤៨៥ គ្រាប់។ តាមផែនការគ្រោងទុកខេត្តកំពតនឹងបញ្ចប់ការបោសសម្អាតមីនទាំងស្រុងត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕ ដោយ៖ ពុទ្ធិពល