ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់កម្ពុជា-UN បានបញ្ជាក់រួមគ្នាតំណាងឲ្យថ្នាក់ដឹកនាំកំពូលទាំង២គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN)ថា នឹងមានជំនួបជាមួយគ្នាម្តងទៀត ក្រោយជួប ម្តងរួចមកហើយ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។
នេះជាការលើកឡើងរបស់លោក Joseph Scheuer ជាអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃជំនួបរវាងភាគីទាំង២។
លោក Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ ក៏នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ ។
សម្រាប់គម្រោងនៃការចូលរួមកិច្ចប្រជុំកំពូលនេះ លោក Joseph Scheuer បានសម្តែងនូវអំណរ គុណចំពោះការគាំទ្រ និងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាធិការនាពេលខាងមុខផងដែរ។
ចំណុចដូចខាងលើនេះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី និងអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់អំពីសារសំខាន់នៃជំនួបជាថ្មីម្ដងទៀតរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាពេលឆាប់ៗនេះ។
ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីជំនួបប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះ រវាងសម្តេចតេជោនិងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនាពេលកន្លងមក។
ជាមួយគ្នានេះ ទាំងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Joseph Scheuer ក៏បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អដែលកំពុងមាននាពេលបច្ចុប្បន្នរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងបានផ្លាស់ប្តូរទស្សនៈគ្នាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ដោយភាគីទាំងពីរបានទន្ទឹងដល់ការបន្តកិច្ចសន្ទនាប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់នៅកម្ពុជាដែលបានអាក់ខានដោយសារជំងឺរាតត្បាតកន្លងមក៕ ដោយ៖ រិន ចំរើន