ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក Joseph Scheuer ដែលត្រូវបានតែងតាំងដោយ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អដែលកំពុងមាននាពេលបច្ចុប្បន្នរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងបានផ្លាស់ប្តូរទស្សនៈគ្នាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ដោយភាគីទាំងពីរបានទន្ទឹងដល់ការបន្តកិច្ចសន្ទនាប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់នៅកម្ពុជា ដែលបានអាក់ខានដោយសារជំងឺរាតត្បាតកន្លងមក។
ក្នុងឱកាសទទួលសារតាំងរបស់ លោក Joseph Scheuer នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ប្រាក់ សុខុន បានលើកឡើងអំពីការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជាចំពោះប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UNPKOs)ដោយគូសបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាបន្តបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព។
ជាមួយគ្នានេះ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ពីលទ្ធផលចំបងៗ ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថ្វីត្បិតមានបញ្ហាប្រឈម និងបញ្ហាក្នុងតំបន់និងអន្តរជាតិក្តៅៗមួយចំនួនក្តី។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនផងដែរអំពីការត្រៀមរៀបចំរបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
លោក Joseph Scheuer បានសម្តែងនូវអំណរគុណចំពោះការគាំទ្រ និងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ លោកអគ្គលេខាធិការ នាពេលខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោក ឧបនាយករដ្ឋមន្ត្រី និងអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់អំពីសារសំខាន់នៃជំនួបជាថ្មីម្ដងទៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាពេលឆាប់ៗនេះ។
លោក Joseph Scheuer បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលទាំងនេះ៕ ដោយ៖ គង់ សេដ្ឋាមុនី