សម្តេច ស ខេង ៖ ទោះកម្ពុជារងឥទ្ធិពលពីសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ក៏កម្ពុជាបន្តរក្សាស្ថិរភាពនយោបាយ

ភ្នំពេញ ៖ ខណៈសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបន្តអូសបន្លាយអស់ប្រមាណជាជិតមួយឆ្នាំ ហើយធ្វើឲ្យប្រទេសជាច្រើនព្រួយបារម្ភនោះ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើក ឡើងថា ទោះបីកម្ពុជាទទួលរងឥទ្ធិពលអវិជ្ជមានពីសង្គ្រាមរវាងប្រទេសទាំង២នេះ យ៉ាងណាក៏ដោយ ក៏កម្ពុជាបន្តរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ចដដែល។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ចំនួន ១ខ្នង នៅស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២ វិច្ឆិកា សម្ដេច ស ខេង បានឲ្យដឹងថា កម្ពុជាស្ថិតក្នុងចំណោម រដ្ឋដែលរក្សាបានសុខសន្តិភាព និងគ្មានអំពើភេវរកម្ម។

សម្ដេចបញ្ជាក់ថា «កម្ពុជាសព្វថ្ងៃ បើទោះបីកម្ពុជាក៏ទទួលរងឥទ្ធិពលជាអវិជ្ជមានដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បន្ថែមលើបន្ទុកបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជាបានបន្តរក្សានូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច»។

សម្ដេចបន្ថែមថា ស្ថានភាពនេះ ក៏អាស្រ័យដោយកម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ដោយគ្មានអំពើហិង្សា ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីពេលថ្មីនេះ និងបានអនុវត្តជោគជ័យនយោបាយចាក់វ៉ាក់សាំងដែលបង្កើតបានភាពស៊ាំសហគមន៍ ធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច និងសង្គមអាចដំណើរការឡើងវិញ៕ ដោយ៖ រិន ចំរើន