ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មានអធិបតេយ្យ ប្រកាន់គោលជំហរច្បាស់លាស់ និង ជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅ ០២ ខ្នង និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងទីបញ្ជាការផ្នែកសឹករងកោះរ៉ុង ខេត្តព្រះសីហនុកាលពីថ្ងៃទី១ ខែវិច្ឆិកា បញ្ជាក់ថា ឈរលើស្មារតីនេះ និងអនុលោមតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស គឺកងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរ ព្រមជាមួយនឹងការរក្សានូវកិច្ចសហប្រតិបត្តិការអន្តរជាតិជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្តដោយឈរលើផលប្រយោជន៍រួម។
លោកបន្តថា ក្នុងន័យនេះ គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺផ្តោតលើការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សម្រាប់គ្រប់ជំនាន់តទៅមុខ។
បើតាម លោក ហ៊ុន ម៉ាណែត ឈរលើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជន សម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល ដែលជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញ្ញាណរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូលនៃខឿនការពារជាតិ ហើយតាមរយៈយន្តការនេះ ស្ថាប័ន-អង្គភាពស៊ីវិលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដល់អង្គភាពកងទ័ព ក្នុងនាមជាសមរភូមិក្រោយដែលគាំទ្រជានិច្ចដល់ការបំពេញភារកិច្ចការពារជាតិ មាតុភូមិរបស់កងទ័ព។ មួយវិញទៀត នេះក៏ជាសក្ខីភាពនៃចំណងសាមគ្គីភាពស្អិតរមួត និងមិនអាចកាត់ផ្តាច់បានរវាងកងទ័ព និងប្រជាជនតាំងពីដើមរៀងមក៕