អ្នកនិពន្ធ៖ សៀវភៅ«កូនប្រុសច្បង ដ៏មានឥទ្ធិពល»នឹងបោះពុម្ពរួចរាល់នៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ

ភ្នំពេញ៖ លោក ពៅ សុខ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នករៀបរៀងសៀវភៅ(កូនប្រុសច្បងដ៏មានឥទ្ធិពល) ដែលនិយាយពីដំណើរជីវិតរបស់ លោក ហ៊ុន ម៉ាណែត បានបង្ហើបឱ្យសារព័ត៌មានខ្មែរឈានមុខដឹងនៅថ្ងៃទី៣១ខែតុលាឆ្នាំ២០២២នេះថា សៀវភៅ (កូនប្រុសច្បងដ៏មានឥទ្ធិពល) ដែល លោក បានចំណាយពេលជាង១០ខែ ឬនិយាយមួយបែបទៀត ចំណាយពេលជាង៨ឆ្នាំ ក្នុងការស្រាវជ្រាវ និងរៀបរៀងនេះ នឹងបោះពុម្ពរួចរាល់ ហើយផ្សព្វផ្សាយជាសារធាណៈ នៅពាក់កណ្តាល ឬយូរបំផុតនៅចុងខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះហើយ។

លោក ពៅ សុខ បានគូសបញ្ជាក់ថា នៅក្នុងសៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល»ក្រៅពីការមានចំណេះដឹង ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យមកពីបរទេស លោកបានរកឃើញលក្ខណៈពិសេស នៃភាពជាអ្នកដឹកនាំជាច្រើន ក្នុងនោះមានកត្តាធំៗចំនួនបួន ដែលលោក ហ៊ុន ម៉ាណែត បានឆ្លងកាត់ និងលេចធ្លោជាងគេ មុននឹងឈានដល់ការក្លាយជាបេក្ខភាពនាយករដ្ឋមន្រ្តី ឬហៅថាអ្នកបន្តវេន នាអនាគត គឺការដឹកនាំប្រយុទ្ធ នៅសមរភូមិព្រះវិហារ ឆ្នាំ២០០៨ ដល់២០១៣ ការដឹកនាំ ត្រៀមប្រយុទ្ធនៅសមរភូមិអូរអាឡៃ អូរតាង៉ាវ ព្រំដែនកម្ពុជាឡាវ ការដឹកនាំប្រយុទ្ធប្រឆាំង និងទប់ស្កាត់សត្រូវឥតស្រមោល នៃលើសមរភូមិដ៏គ្រោះថ្នាក់កូវីដ១៩ និងការកែទម្រង់ស៊ីជម្រៅវិស័យយោធានៅកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា លោកចាប់ផ្តើមរៀបចំរៀបរៀង សៀវភៅស្តីពីជីវប្រវត្តិលោក ហ៊ុន ម៉ាណែត ឡើងនៅអំឡុងឆ្នាំ២០១៤ ដោយប្រើចំណងជើងត្រឹមតែពាក្យ «កូនប្រុសច្បង» បន្ទាប់ពីលោកបានជួប លោក ហ៊ុន ម៉ាណែត លើកដំបូងនៅភោជនីយដ្ឋានមួយកន្លែងក្នុងខណ្ឌទួលគោក។ ប៉ុន្តែ ដោយសារពេលវេលា និងឯកសារស្រាវជ្រាវមិនទាន់បានពេញលេញ និងចំណងជើងស្តាប់ទៅហាក់ខ្លីពេក ហើយមានការលើកទឹកចិត្តពីបងប្អូន មិត្តភក្ដិ ឱ្យពិចារណាឡើងវិញ អំពីចំណងជើង លោកក៏បន្ថែមពាក្យ«ដ៏មានឥទ្ធិពល»ដើម្បីឱ្យវែងជាងមុន និងស្តាប់ទៅពីរោះ និងមានអត្ថន័យជ្រាលជ្រៅ ស័ក្តិសមនឹងកិត្តិយសរបស់តួអង្គក្នុងសៀវភៅនេះ។

លោក ពៅ សុខ បានអះអាងថា ក្រោយពេលលោក លោកស្រី ដែលជាមិត្តអ្នកអាន បានអានសៀវភៅនេះ លោក លោកស្រី មិត្តអ្នកអានទាំងអស់នឹងបានជ្រាបថា លោក ហ៊ុន ម៉ាណែត បានធ្វើ ឬបានលះបង់អ្វីខ្លះដើម្បីសង្គមជាតិទាំងមូល ហើយលោក លោកស្រី នឹងមានការស្ងើចសរសើរមិនខាន។ លោកបានបន្ថែមទៀតថា សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិល» នេះ ទទួលបានការឧបត្ថម្ភបោះពុម្ពទាំងស្រុងដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន២ម៉ឺនច្បាប់។ បើតាមការគ្រោងទុក បន្ទាប់ពីបោះពុម្ពរួច សៀវភៅនេះ នឹងត្រូវចែកចាយនៅលើទីផ្សារ និងចែកជូនដោយឥតគិតថ្លៃដល់សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ឬឥស្សរជនជាន់ខ្ពស់ ដែលនិយមការអាន ចូលចិត្តសិក្សាស្រាវជ្រាវ ដែលពុំមានលទ្ធភាពជាវ។

គួររម្លឹកថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ខេត្តព្រះសីហនុ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន នាពេលអនាគត ហើយនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ ជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីផងដែរ៕
ដោយ៖ គង់ សេដ្ឋាមុនី