រដ្ឋមន្ត្រីក្រសួងបរិស្ថាន បំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទចំនួន ៥៩៦រូប ដែលបានខិតខំបំពេញការងារ និងមានស្នាដៃល្អប្រសើរ

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ មន្រ្ដីចំនួនសរុប ៥៩៦រូប និងប្រគល់ប័ណ្ណសរសើរ ជូនបុគ្គលិកក្រោមឱវាទ ចំនួនសរុប ១០១៨រូប ដែលមានស្នាដៃក្នុងការបំពេញការងារក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិសម្រាប់ឆ្នាំ២០២១ និង២០២២ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃអាទិត្យ ទី៣០ ខែតុលា។

គ្រឿងឥស្សរិយយសនេះ បានបំពាក់ និងផ្តល់ជូន រូមមាន៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត រួមបញ្ចូលបុគ្គលិកផ្នែកសន្តិសុខ អនាម័យ អគ្គិសនី និងថែសួន ដែលបានខិតខំបំពេញការងារ និងមានស្នាដៃល្អប្រសើរ។

ក្នុងឱកាសនោះ លោក សាយ សំអាល់ រដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូនចំពោះ លោក លោកស្រីទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុបរិស្ថាន ក៏ដូចជាជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

លោករដ្ឋមន្រ្ដី បន្ដថា កិច្ចការងាររបស់មន្ត្រីរាជការក្រសួងបរិស្ថាន មិនត្រឹមតែការការពារ អភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមកសាងនូវសង្គមជាតិថ្មី ហើយកម្ពុជាត្រូវតែមានឯកភាពជាតិមួយ បើទោះបីជាបុគ្គលម្នាក់ៗមានគំនិតខុសគ្នាក៏ដោយ ប៉ុន្តែសម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន គឺយើងត្រូវតាំងចិត្តខ្ពស់៕ ដោយ៖ ឆឹម ទិត