ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី៣០ ខែតុលាឱ្យដឹង កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ធុរជន ក៏ដូចជា អ្នកជំនាញ មកពីប្រទេសអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន។ កិច្ចប្រជុំនេះ គឺជាវេទិកា ដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន អំពីការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់អាស៊ីអាគ្នេយ៍។
សេក្តីប្រកាសព័ត៌មាននេះបន្តថា កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើក កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨៖៣០នាទីព្រឹក នៅសណ្ឋគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអាស៊ាន ឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាននិងដៃគូអាស៊ាន ស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ធុរជនជាតិនិងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណជាង ១០០០ នាក់ នៅទីតាំងពិធី និងប្រព័ន្ធអនឡាញ៕