ភ្នំពេញ៖ក្រសួងយុត្តិធម៌កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ បាន ចេញលិខិត អធិបញ្ជាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឱ្យចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើឈ្មោះ សម រង្ស៉ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
តាមលិខិត ដែលចុះហត្ថលេខាដោយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្ញើជូនច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ២៦ ខែតុលានេះ បញ្ជាក់ថា
នៅក្នុងវីដេអូមួយដែល ត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ ឈ្មោះ សម រង្ស៊ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរ បំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ថា “មិនមានមនសិការជាតិ” និង “ក្បត់ជាតិ”។
លោក កើត រិទ្ធ បន្តថា សម្ដីដែលឈ្មោះ សម រង្ស៊ី បាន និយាយនៅក្នុងវីដេអូដែលត្រូវបាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្ដាញសង្គមនេះ គឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស។
បើតាម លោក កើត រិទ្ធ ទង្វើនេះ គឺជាការរំលោភបំពានម៉ាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់ កំពូលរបស់ជាតិ ដែលចែងថា “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ” ហើយអំពើនេះ ក៏ត្រូវ បានកំណត់ជាបទ “ប្រមាថចំពោះអង្គព្រះមហាក្សត្រ”, បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទាទោសតាម បញ្ញត្តិនៃមាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមមាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ ស្នើឱ្យ ព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះអំពើប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ ខាងលើ ដោយអនុវត្តស្របតាមនីតិវីធីជាធរមាន៕ដោយ៖ KC-006