មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ៤ រូប ត្រូវបានដកមួយសក្តិ និងបញ្ឈរជើង ៣ខែ

ភ្នំពេញ៖ មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុសចំនួន ៤ រូប ត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) និងបញ្ឈរជើង ៣ខែនៅការិយាល័យបុគ្គលិក បន្ទាប់ពីមន្ត្រីរូបនោះ បានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស។

សេចក្តីបកស្រាយបំភ្លឺ ព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី ២៥ ខែតុលានេះ ឱ្យដឹងថា បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វើការកោះហៅមន្ត្រីគោលដៅទាំង៤រូប មកសួរនាំនៅការិយាល័យ ក្រោយធ្វើការសួរនាំរួច មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបើកបរធ្វើការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបើកបរមិនមានកំហុសទាល់តែសោះ ។

សេចក្តីបកស្រាយបំភ្លឺដដែលបន្តថា ដោយទទួលបានបទបញ្ជា និងការឯកភាពពីលោក ស្នងការរូបនេះ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះមកបញ្ឈរជើងរយ:ពេល៣ខែ បង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក ធ្វើកិច្ចសន្យា ជាពិសេស មន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) ដើម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩:១៥នាទីព្រឹក នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងជាវីដេអូកាមេរ៉ាភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប ។

លុះដល់ព្រឹកថ្ងទី២២ ខែតុលា ឆ្នាំ២០២២ មានបែកសារជាសម្លេងទទួលកំហុសដែលលោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា បានយកគណនីហ្វេសប៊ុករបស់លោកអនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំលុបវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែត្រូវបានម្ចាស់រថយន្តបដិសេធ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណាដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់ ៕ ដោយ៖​ KC-006