ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ថ្កោលទោស ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះមហាក្សត្រខ្មែរ

ភ្នំពេញ៖អង្គភាព និងព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំណ ២០២២ បានចេញសេចក្តីថ្លែងការណ៍ និងញត្តិថ្កោលទោស ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរទូទាំងនគរ។

យោងតាមលិខិតថ្លែងការណ៍របស់ អង្គភាព និងព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខា លោក ស្វាយ ស៊ីថា ដែលជាប្រធានអង្គភាពនេះ ព្រមទាំងបុគ្គលិក និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ បានប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ « ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី» ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរ បំផុតចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ ជនក្បត់ជាតិតជំនាន់រូបនេះ បានហៅព្រះនាមព្រះមហាក្សត្រជាទីគោរពសក្ការៈចំៗឈ្មោះយ៉ាងដាច់សាច់ និងបាននិយាយពេញៗមាត់ថា «ស្ដេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច»។

លោកបានចាត់ទុក ទណ្ឌិតក្បត់ជាតិរូបនេះថែមទាំងបានចោទប្រកាន់ព្រះមហាក្សត្រ ថា ជាជនក្បត់ជាតិ ដែលបានឡាយ ព្រះហស្តលេខាកាត់ទឹកដីឲ្យបរទេសថែមទៀតផង។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ ពួកយើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ចំពោះការប្រមាថម្តង ហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើព្រះមហាក្សត្រ។ យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសយ៉ាងដាច់អហង្កការបំផុតចំពោះ « ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃ ប្រជាជាតិខ្មែរ។

បើតាម លោក ស្វាយ ស៊ីថា ការប្រមាថដោយចោទប្រកាន់ អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែល មិនអាចអត់ឱនឱ្យបានជាដាច់ខាត។ លោក ក៏បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់ជាទី បំផុតទៅលើជនក្បត់ជាតិ ៣ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែក គាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។

លោកថ្លែងថា៖ «យើងខ្ញុំជាប្រជារាស្ត្រខ្មែរ សូមប្រកាសជាឱឡារិក គាំទ្រគោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តន៍ ពីព្រោះព្រះអង្គ គឺជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំដែលជាប្រជានុរាស្ត្រខ្មែរ»។

ក្នុងនាមរូបលោក ក៏ដូជាមន្ត្រីរាជការ ក៏បាន ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជន ក្បត់ជាតិ៣ជំនាន់ឲ្យអស់ពីកម្ពុជាដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ក៏បានប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ ទូទាំងនគរ ថា “មិនមានមនសិការជាតិ” និង “ក្បត់ជាតិ។

បើតាមក្រសួងយុត្តិធម៌ ការប្រមាថរបស់ ទណ្ឌិតជាប់ទោសក្បត់ជាតិ ខាងលើនេះ ចំពោះអង្គ ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ ថា “ក្បត់ជាតិ” គឺ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គ ព្រះមហាក្សត្រ និង អតីតព្រះមហាក្សត ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំពោះប្រជាជាតិខ្មែរទាំងមូល។

បន្ថែមពីនេះ ក្រសួងយុត្តិធម៌ ក៏បាន អំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ព្រមទាំងបក្សពួក ដែលហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលប្រជារាស្ត្រ ខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។

ថ្នាក់ដឹកនាំនៃស្ថាប័ននេះ ថ្លែងតាមញត្តិនេះថា «យើងខ្ញុំទាំងអស់គ្នា ជាប្រជានុរាស្ត្រខ្មែរគ្រប់រូប សូមប្ដេជ្ញា និងប្រកាសជាឱឡារិកថា នឹងបន្តគោរពគាំទ និងដង្ហែតាមអង្គ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំទាំងអស់គ្នាដែលជាប្រជានុរាស្ត្រខ្មែរ»។

ភ្លាម ៗ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានលើកឡើងថា ករណីទណ្ឌិត សម រង្ស៊ី ខាងនេះជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង នៅក្នុងក្រមព្រហ្មទណ្ឌ មាត្រា ៤៣៧ (ស្ទួន) តំណាងអយ្យការបានបញ្ជាទៅមន្រ្តីនគរបាលយុត្តិធម៌ស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងលើករណីនេះរួចរាល់ហើយដែរ៕ ដោយ៖ KC-006