សម្ដេចតេជោ នឹងលើកលែងទោសដល់អ្នកផ្តាច់ខ្លួនចេញពី សម រង្ស៊ី

ភ្នំពេញ ៖ ថ្លែងមិនសំដៅចំឈ្មោះបុគ្គលណាដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយលោក សម រង្ស៊ី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នឹងលើកលែងទោសដល់អ្នកផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ី ។ ការប្រកាសនេះ ដោយសារសម្តេចអះអាងថា សម្ដេចមានសិទ្ធិ ចុះហត្ថលេខា ស្នើសុំព្រះមហាក្សត្រលើកលែងទោស។

ការមានប្រសាសន៍របស់សម្តេចជាលើកដំបូងនេះ ក៏ស្របពេលសំណុំរឿងក្បត់ជាតិលោក កឹម សុខាក្នុងសវនាការប្រមាណជា៥០លើកកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ត្រូវបានសម្រេចបិទបញ្ចប់ការសួរដេញដោល និងដើម្បីឈានទៅធ្វើសេចក្ដីសន្និដ្ឋាននៅពេលខាងមុខ ។

លោក កឹម សុខា និងលោក សម រង្ស៊ី ត្រូវបានសាធារណជនដឹងថា ជាមនុស្សតែមួយកាលពីគណបក្សសង្រ្គោះជាតិមិនទាន់ត្រូវបានរំលាយដោយតុលាការ រហូតលោក កឹម សុខា ជាប់ពាក់ព័ន្ធសំណុំរឿងក្បត់ជាតិ ក៏លោក សម រង្ស៊ី នៅតែអះអាងថា លោក នឹងលោក កឹម សុខា ជាមនុស្សតែមួយ ប៉ុន្តែក្រោយមកទៀតជាច្រើនលើកច្រើនសារ ទាំងមនុស្សជំនិត លោក កឹម សុខា និងលោក កឹម សុខា ផ្ទាល់បានប្រកាសថា មិនជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ទៀតទេ។

សម្តេចតេជោមានប្រសាសន៍ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ម័គ្រចិត្តរើលំនៅឋាន ចេញពីតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ថា «ខ្ញុំកម្ចាត់តែអាមួយហ្នឹងទេ (សម រង្ស៊ី) អត់កម្ចាត់អ្នកណាផ្សេង។ អីចឹងអ្នកដទៃ បំបែកខ្លួនចេញមក ខ្ញុំអាចនឹងពិនិត្យលើក លែងទោសឱ្យអ្នកឯង ឱ្យតែបែកចេញពីអាមួយនោះ ព្រោះ ខ្ញុំមានអំណាច ដើម្បីចុះហត្ថលេខា ស្នើសុំព្រះមហាក្សត្រ លើកលែងទោស ក៏ប៉ុន្ដែក្នុងលក្ខខណ្ឌអ្នកឯងបំបែកខ្លួនចេញពីអាមួយហ្នឹង ខ្ញុំប្រកាសគោលនយោបាយរបស់ខ្ញុំ»។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តីក៏បានព្រមានប្ដឹង និងរំលាយគណបក្សនយោបាយណាលួចមានទំនាក់ទំនង ឬដែលមានទណ្ឌិត សម រង្ស៊ី ស្ថិតនៅពីក្រោយខ្នងផងដែរ។

សម្ដេចតេជោ បញ្ជាក់បន្ថែមទៀតថា «អ្នកប្រជុំតាម Zoom ខ្ញុំដឹងហើយកំពុងនៅក្នុងដៃខ្ញុំ ព្រោះខ្ញុំមានភ្នាក់ងារម្នាក់បានបញ្ជូននូវខ្សែអាត់ថតសំឡេងដែលប្រជុំនោះជូនទៅអ្នកឯងវិញ ពេលនោះ អ្នកដាក់ចេញសេណារីយោបើបានប៉ុន្មានកៅអី ធ្វើម៉េច បានប៉ុណ្ណេះត្រូវបែបម៉េច»។

លើសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានដឹងពីអ្នកដែលទាក់ទងគ្នានៅអាមេរិក ដាក់បេក្ខជននៅរតនគិរី ផងដែរ ប៉ុន្តែចំណុចនេះនៅមិនទាន់ចំណុចត្រូវធ្វើនោះទេ៕ ដោយ៖ រិន ចំរើន