បំណែកព្រះកេសអសុរា បានប្រទះឃើញនៅប៉ែកខាងកើតខ្លោងទ្វារទន្លេអុំ

សៀមរាប៖ ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួន១ ខណៈចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំ នាប៉ែកខាងកើតនៃស្ពានទន្លេអុំ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ នេះបើតាមការផ្សាយលើហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា។

លោក ឈូក សុម៉ាឡា ប្រធានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ដំបូងឡើយ ក្រុមការងារបានជីកកាយដីជម្រៅប្រមាណពី៣ ទៅ៤តឹក បានប្រទះឃើញបំណែកថ្មបុរាណចំនួន៣ផ្ទាំង បន្ទាប់មកក្រុមការងារក៏បានយកទៅលាងសម្អាត និងផ្គុំគ្នា ក៏កើតបានទៅជាព្រះកេសអសុរាតែមួយ ដែលមានកម្ពស់៦០សង់ទីម៉ែត្រ ទទឹង៦៥សង់ម៉ែត្រ និងកម្រាស់៥៩សង់ទីម៉ែត្រ។

មន្រ្ដីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រះកេសអសុរានេះ ធ្វើពីថ្មភក់ដែលគេប្រទះឃើញ កឺស្ថិតក្នុងរចនាបថបាយ័ន នៃរាជព្រះបាទជ័យវរ្ម័នទី៧ ដែលដូចគ្នានឹងអសុរាទាញព្រ័ត្រ នៅតាមខ្លោងទ្វារទាំង៤ផ្សេងទៀតនៃក្រុងអង្គរធំដែរ។

បច្ចុប្បន្ន ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីលាងសម្អាត និងជួសជុលតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ហើយក្រុមការងារក៏នឹងសិក្សាដើម្បីស្វែងរកដងខ្លួនដើមនៃចម្លាក់នោះ មុននឹងយកទៅផ្គុំឡើងវិញ។

បើតាមការអះអាងរបស់អ្នកភូមិថា នៅទីតាំងនេះ គឺធ្លាប់ជាការដ្ឋានជួសជុលខ្លោងទ្វារទន្លេអុំ កាលពីសម័យបារាំង។ ហើយ មន្រ្ដីអាជ្ញាធរជាតិអប្សរា បន្ដការពិនិត្យនៅទីតាំងនោះជាក់ស្តែង គឺឃើញមាននៅសេសសល់បំណែកដៃ ជើង ដងខ្លួននាគ ព្រមទាំងចម្លាក់ទេវតា និងអសុរាទាញព្រ័ត្រជាច្រើនបំណែកទៀតដែលនៅរប៉ាត់រប៉ាយពេញក្នុងបរិវេណនោះ។

សូមជម្រាបជូនថា អាជ្ញាធរជាតិអប្សរា មានគម្រោងធ្វើកំណាយស្រាវជ្រាវ និងការចុះបញ្ជីបំណែកចម្លាក់ក្នុងទីតាំងនោះ ដើម្បីស្វែងរកបំណែកចម្លាក់ជាច្រើនទៀត ដែលបានបាត់បង់ដើម្បីអាចមានលទ្ធភាពយកទៅដាក់ផ្គុំឡើងវិញនាពេលអនាគត៕ ដោយ៖ ឆឹម ទិត