ភ្នំពេញ ៖ ក្រោយពីហៅលោក សម រង្ស៊ីថាជាពូជក្បត់ជាតិ៣ជំនាន់ (ជីតា ពុក និង សម រង្ស៊ី ផ្ទាល់)សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានប្រកាសថា នឹងអញ្ជើញចុះទៅតាមបណ្ដាខេត្តនានា ដើម្បីរៀបចំកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ ខណៈការចេញដំណើររបស់សម្តេចនឹងធ្វើឡើងនៅរសៀលថ្ងៃ២០ តុលានេះ។
ខេត្តគោលដៅសម្តេចតេជោដាក់ចេញចុះបេសកកម្មជាពិសេសនោះរួមមាន ៖ ខេត្តសៀមរាប ,បន្ទាយមានជ័យ ,បាត់ដំបង និងពោធិ៍សាត់ ដោយប្រើរយៈពេល៥ថ្ងៃ ៤យប់។
ក្រោយអញ្ជើញប្តូរព័ត៌មាន ថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃ២០ តុលា សម្ដេចតេជោ មាន ប្រសាសន៍ថា ក្រៅពីចុះជួប និងជួយដោះស្រាយប្រជាពលរដ្ឋនៅជុំវិញទន្លេសាប ក្រោយពួកគាត់ជួបគ្រោះទឹកជំនន់ហើយ សម្ដេចក៏បញ្ជាក់ថា «ខ្ញុំក៏ឆ្លៀតជួបមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធនោះដែរ ។ ក្នុងហ្នឹងក៏មានការរៀបចំដើម្បីនឹងកម្ចាត់ចោលនៃមនោគមន៍ជ្រុលនិយម របស់ជនក្បត់ជាតិ៣ជំនាន់ នេះផងដែរ»។
សម្ដេចតេជោនាយករដ្ឋមន្រ្តី អះអាងទៀតថា តើឱ្យទណ្ឌិតសម រង្ស៊ី ដឹកនាំប្រទេសយ៉ាងម៉េចទៅ បើមិនទាន់កាន់តំណែងផង ហ៊ានចុះហត្ថលេខាកាត់ដីឲ្យជនបរទេសរហូតដល់ ៤ខេត្ត។ សម្តេចតេជោថា កុំថាឡើយអ្នកឯងមិនទាន់បានកាន់អំណាចហ៊ានកាត់ទឹកដីឲ្យជនបរទេសរហូតដល់ ៤ខេត្ត សូម្បីតែសម្ដេច កំពុងកាន់តំណែង ក៏មិនមានសិទ្ធិក្នុងការកាត់ដីឲ្យជនបរទេសសូម្បី ១លីម៉ែត្រ ព្រោះមានទោស។
ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា គណបក្សនយោបាយណាមួយ ហ៊ានផ្សារភ្ជាប់ខ្លួនជាមួយជនឧទ្ទាមក្បត់ជាតិ នឹងប្តឹងទៅតុលាការភ្លាមៗ ដើម្បីរំលាយគណបក្សចោលផងដែរ។ សម្ដេចតេជោ បានប្រកាសទៀតថា សម្តេចមិនលើក លែងទោសដល់ជនក្បត់ជាតិ សម រង្ស៊ី ឡើយ ថែមទាំងដាក់ចេញការកម្ចាត់មនោគមជ្រុលនិយមចោលទៀតផងដែរ។
សូមបញ្ជាក់ថា ការប្រកាសកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់នោះ ខណៈ លោក សម រង្ស៊ីបានផ្ញើសារពីក្រៅប្រទេសមកកាលពីថ្ងៃ១៦ តុលាមកថា “ជូនចំពោះប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធ ត្រូវតែមានការផ្លាស់ប្តូរ នៅកម្ពុជា ក្នុងឆ្នាំ២០២៣”ដែលជាឆ្នាំបោះឆ្នោត។
បន្ទាប់ពីលោក សម រង្ស៊ីអំពាវនាវបែបនេះមកសម្តេចតេជោ កាលពីថ្ងៃ១៧ តុលា បានបញ្ចេញប្រតិកម្មហៅលោក សម រង្ស៊ីថា ជាពូជតត្រកូល៣ជំនាន់ដែលក្បត់ជាតិ៕ ដោយ៖ រិន ចំរើន