រដ្ឋមន្រ្តីសុខាភិបាល ឲ្យពលរដ្ឋការពារជំងឺកូវីដ អំឡុងពិធីបុណ្យអុំទូកខាងមុខនេះ

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការពារការចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលចុះហត្ថលេខាដោយលោកម៉ម ប៊ុនហេង នាថ្ងៃទី១៨ តុលា បានឲ្យដឹងថា ទោះកម្ពុជាសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅថ្នាក់ជាតិក៏ដោយ ប៉ុន្តែពិធីទាំងនេះធ្វើទៅបាននៅតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេសទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជាការសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានបង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជា ផ្ដល់ឱកាសនៃការរកប្រាក់ចំណូលដល់ប្រជាពលរដ្ឋផងដែរ។

ដូច្នេះក្រសួងសុខាភិបាល ធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មីដល់សាធារណជន ក្រសួងពាក់ព័ន្ធអាជ្ញាធរ ថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋទាំងអស់បន្តចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ។ ក្នុងនោះក្រសួងបញ្ជាក់ថា “ត្រូវតែបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានធ្វើជារឿយៗ ហើយនៅក្នុងឱកាសនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ រាជធានី-ខេត្ត មានរៀបចំពិធីអបអរសាទរព្រះរាជពិធីអុំទូក បណ្តែតប្រទីប សំពះ ព្រះខែ និងអកអំបុក ដែលនឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះទៅតាមទំនៀមទំលាប់”។

ប៉ុន្តែក្រសួងសុខាភិបាល បានសង្កេតឃើញថា បណ្ដាខេត្តមួយចំនួន បាននិងកំពុងដំណើរការជាបណ្តើរៗហើយដែរ។ អាស្រ័យហេតុនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាពិសេស អនុវត្តឲ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា នូវវិធានការ ៣ការពារ និង៣កុំ៕ ដោយ៖ រិន ចំរើន