ភ្ញៀវទេសចរទូទាំងប្រទេសកើនឡើងជិត១លាននាក់ នៅសប្ដាហ៏ទី២ ខែតុលានេះ

ភ្នំពេញ៖ តួលេខភ្ញៀវទេសចរទូទៅក្នុងសប្តាហ៍ទី២ ចាប់ពីថ្ងៃទី១០-១៦ ខែតុលា ២០២២ ឡើងដល់ចំនួន៩៣៨,៩២៨នាក់ ក្នុងនោះភ្ញៀវជាតិ៩១៤,៥៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៤,៣៨៥នាក់។

បើតាមក្រសួងទេសចរ បានឱ្យដឹងថា តួលេខខាងលើ មានការកើនឡើងប្រមាណ១៥០.៤៥% ធៀបនឹងសប្តាហ៍កន្លងមក។ កំណើនភ្ញៀវផ្ទៃក្នុងច្រើនក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តកំពង់ចាម ព្រៃវែង និងពោធិ៍សាត់បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនកុះកុរ។

ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុបន្តទទួលបានភ្ញៀវទេសចរមកកម្សាន្តជាច្រើនក្នុងរយៈពេល២សប្តាហ៍ជាប់គ្នា បន្ទាប់ពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែ ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២។

ដោយឡែក បណ្តាខេត្តផ្សេងទៀតដែលនៅជាប់បណ្តោយដងទន្លេបានកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន៕ ដោយ៖ សាន​​ សៀងហៃ