ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីការប្រកាសចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី លោក ឌិត ទីណា បានតាំងចិត្តប្ដេជ្ញាខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងអះអាងពីការប្រែក្លាយវិស័យកសិកម្មកម្ពុជាឲ្យទៅជាកសិកម្មបែបលក្ខណៈទំនើប។
ការប្រកាសចូលកាន់តំណែងរបស់លោកឌិត ទីណាជាកូនលោក ឌិត មន្ទី ប្រធានតុលាការកំពូល ដែលជារដ្ឋមន្រ្តីក្រសួងកសិកម្មវ័យក្មេងថ្មីនេះ ធ្វើឡើងកាលពីរសៀលថ្ងៃ១៧ តុលាម្សិលមិញ ក្រោមអធិបតីភាព លោក ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
បន្ទាប់ពីផ្ទេរតំណែងហើយ លោក ឌិត ទីណា បានថ្លែងការតាំងចិត្តឆ្លើយតបទៅអ្នកសារព័ត៌មានថា « «អ្វីដែលសំខាន់ គឺបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាយើង នេះគឺជាការប្ដេជ្ញាចិត្តរបស់ខ្ញុំ។ ចឹងសំខាន់ណាស់ មិនមែនយើងមើលតែបុគ្គលណាមួយ ឬផ្នែកណាមួយ នៃកសិកម្មនោះទេ ។ កសិកម្មយើងធ្វើដោយបរិយាប័ន្ន មានន័យថា រួមគ្នាធ្វើ ចឹងមើលជាមួយរួម គ្រប់ទាំងអស់ ទើបយើងដាក់នូវវិធានការដែលអាចបម្រើផលប្រយោជន៍ជារួម»។
ជាមួយគ្នានេះលោកថា នឹងប្រែក្លាយវិស័យកសិកម្មកម្ពុជាឲ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន និងមាននិរន្តភាព ធន់នឹងបម្រែប្រម្រួលអាកាសធាតុ។
លោកថា វិស័យកសិកម្ម គឺត្រូវធ្វើដោយបរិយាប័ន្ន មានន័យថា រួមគ្នាធ្វើ ទើបដាក់ចេញវិធានការនានា ដែលអាចបម្រើផលប្រយោជន៍ជារួម។ លោកថា បើសិនជាមានចំណុចណាមួយមិនប្រក្រតីដែលមិនអាចសម្រេចបាន ឬមានមន្ទិលយ៉ាងណាមួយ នៅក្នុងឋានានុក្រមនៃរាជរដ្ឋាភិបាល លោកក៏អាចសួរជាយោបល់ទៅលោកឧបនាយករដ្ឋមន្ត្រីដែលទទួលបន្ទុកការងារផែនរបស់វិស័យកសិកម្មនេះ ឬក៏សួរបន្តទៅសម្ដេចតេជោ ហ៊ុន សែន ដើម្បីបានការណែនាំយ៉ាងច្បាស់លាស់ផងដែរ៕ ដោយ៖ រិន ចំរើន