ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីអនុវត្តច្បាប់ ត្រូវបង្ក្រាបឲ្យមានប្រសិទ្ធភាពទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋានដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពផ្ដល់រង្វាន់ដល់ទូកទទួលបានជ័យលាភី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅខេត្តព្រៃវែង សម្ដេច ស ខេង បានថ្លែងថា បន្ថែមពីលើកិច្ចការរក្សាស្ថានភាពស្ថិរភាពនយោបាយ សន្តិសុខ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងពង្រឹងខឿនសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំថែមទៀត នោះ រាជរដ្ឋាភិបាលបាននឹងកំពុងតែដាក់ចេញនូវវិធានការបង្ក្រាបល្បែងស៊ីសង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណាទប់ស្កាត់ឲ្យខាងតែបាននូវទីតាំងល្បែងភ្នាល់គ្រប់ប្រភេទដែលជាដើមចមនាំឲ្យវិនាស ហិនហោចទ្រព្យសម្បត្តិ អំពើចោរកម្ម អសន្តិសុខ រួមទាំងអំពើហិង្សាក្នុងគ្រួសារ។
សូមបញ្ជាក់ថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចេញបទបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រទេសនៅតាមមូលដ្ឋាន ។ ក្រោយនាយករដ្ឋមន្រ្តីចេញបទបញ្ជាហើយ ឃើញថា មានលទ្ធផលផ្លែផ្កាផងដែរគឺបានបង្ក្រាបដោយឈានទៅដល់ការឃាត់ខ្លួនអ្នកលេងជាបន្តបន្ទាប់និងអប់រំណែនាំផងដែរ៕ ដោយ៖ រិន ចំរើន