ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺបានអបអរសាទរក្នុងឱកាសរដ្ឋសភាកម្ពុជាបាន បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់លោកឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទថ្មី ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ក្នុងនោះលោកបង្ហាញជំនឿថា លោក ឌិត ទីណា នឹងបន្តបេសកកម្មដឹកនាំក្រសួងកសិកម្ម ដើម្បីបុព្វហេតុជាតិជានិរន្តរ៍តទៅ។
តាមរយៈហ្វេសប៊ុកក្រោយសភាបោះឆ្នោតឲ្យលោក ឌិត ទីណា រួចមក លោក ហ៊ុន ម៉ានីថ្លែងថា ការទទួល បានតួនាទីជាសមាជិករាជរដ្ឋាភិបាលក្នុងស្ថាប័ននីតិប្រតិបត្តិនាពេលនេះ ពិតជាស័ក្តិសមនឹងឯកឧត្តម ដែលបានលះបង់កម្លាំងកាយចិត្ត និងស្មារតី ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
លោកថា “ខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម នឹងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងតួនាទីថ្មីនេះ ដើម្បីបុព្វហេតុប្រជាជាតិជានិរន្តរ៍តទៅ។ បើទោះបីជាខ្ញុំមិនមានវត្តមាននៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភាព្រឹកនេះក៏ដោយ តែខ្ញុំក៏គាំទ្រនូវបេក្ខភាពរបស់ ឯកឧត្តម ឌិត ទីណា ដែលបានស្នើដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨តុលា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់លិខិតស្នើមកកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាដើម្បីបោះ ឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោកឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជំនួសលោកវេង សាខុន ដែលត្រូវព្រះមហាក្សត្របញ្ចប់តួនាទីកាលពីពេលកន្លងមក។
ការស្នើសុំនេះ បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោកវេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម តាមការស្នើសុំរបស់រាជរដ្ឋាភិបាល ៕ ដោយ៖ រិន ចំរើន