ភ្នំពេញ៖ ដោយទទួលបានការណែនាំពីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ក្រសួងព័ត៌មានត្រៀមលក្ខណៈក្នុងការផ្សព្វផ្សាយ និងជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ និងឯកជន ក្នុងការផ្សាយឱ្យបានកាន់តែទូលំទូលាយកម្មវិធីខួបគម្រប់ «១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គត ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ» ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ និងការរៀបចំព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» នឹងប្រព្រឹត្ដទៅនៅថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តជាតិ ដែលដឹកនាំដោយ លោក ឈិន កេតនា ទីប្រឹក្សារាជដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍និងនិងជា អគ្គលេខាធិការគណៈកម្មការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណ រស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ការរៀបចំកម្មវិធីខួបគម្រប់ «១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គត ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ» គឺនៅឆ្នាំ២០២២នេះ ដែលទទួលបានការសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការគាំទ្រ និងព្រះបរមរាជានុញ្ញាតពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈព្រះរាជសវនាការ កាលពីថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២ នៅក្នុងព្រះបរមរាជវាំង ឱ្យមូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ដើម្បីឧទ្ទិសថ្វាយព្រះរាជមហាកុសលដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត ព្រះបរមរតនកោដ្ឋ។
បើយោងតាមកម្មវិធីបានឱ្យដឹងថា ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ជាព្រះរាជកម្មវិធីប្រវត្តិសាស្ត្រមួយដែលគ្រោងនឹងប្រារព្ធ ឡើងនៅថ្ងៃចន្ទ ៧កើត ដល់ថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាលមហោស្រពចតុម្មុខមង្គល ត្រូវជាថ្ងៃដ៏មហានក្ខត្តឫក្សខួបប្រសូតគម្រប់ «១០០ព្រះវស្សា នៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ» ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំង មានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្សានុវង្ស, ឥស្សរជនជាន់ខ្ពស់នៃស្ថាប័នកំពូលៗរបស់ជាតិ, បណ្ដាអង្គទូត ភ្ញៀវជាតិ និងអន្តរជាតិ។
សូមជម្រាបថា ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ត្រូវបានរៀបចំឡើងដោយ មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការចូលរួមសហការពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, បណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា, ក្រសួងព្រះបរមរាជវាំង ក្រសួងព័ត៌មាន, រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
យោងតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានឱ្យដឹងថា ការរៀបចំព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ជាព្រះរាជកម្មវិធីដ៏ឧត្តុង្គឧត្តម ដែលរៀបចំឡើងដើម្បីរម្លឹកជាពិសេសនូវស្នាព្រះហស្តព្រះរាជនិពន្ធដ៏ប្រវត្តិសាស្ត្រ និងដ៏ថ្លៃថ្លាក្នុងវិស័យសិល្បៈជាតិនៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ ទន្ទឹមនឹងព្រះរាជសកម្មភាពដ៏មមាញឹកក្នុងការកសាង និងស្ថាបនាមាតុប្រទេស។ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានខិតខំឆ្លៀតលើកស្ទួយ និងប្រើប្រាស់វិស័យនេះ ដើម្បីកេរ្តិ៍ឈ្មោះ និងមោទកភាពជាតិ និងប្រជានុរាស្ត្រខ្មែរនៅក្នុងឆាកជាតិ ក៏ដូចឆាកអន្តរជាតិ។
លើសពីនេះទៀត ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ក៏ជាឱកាសដ៏មហានក្ខត្តឫក្សមួយទៀតដែរ ដើម្បីរម្លឹកដោយកតញ្ញុតាដ៏ជ្រាលជ្រៅនូវព្រះរាជគុណូបការៈជាតិដ៏ធំធេងឥតកាត់ថ្លៃបាន ដែលព្រះករុណា ព្រះមហាវីរក្សត ព្រះបរមរតនកោដ្ឋ បានបន្សល់ទុកក្នុងបុព្វហេតុ ជាអាទិ៍៖ ការទាមទារឯករាជ្យជូនប្រជាជាតិ, ការកសាងស្ថាបនាជាតិ, ការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា, ការបង្រួបបង្រួមជាតិ ដើម្បីសន្តិភាព ឯករាជ្យ និងកសាងជាតិឥតឈប់ឈរ។
សម្រាប់ព្រះរាជកម្មវិធី «គោចរបិណ្ឌបាត្រ» នឹងប្រព្រឹត្ដទៅនៅព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨៖០០នាទី នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ (ខាងមុខព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ) នឹងមានការរៀបចំយាង និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាតសរុបមានចំនួន ១០០អង្គ។
ជាមួយគ្នានេះដែរ សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំកម្មវិធី «សមាធិរម្លឹកដូងព្រះវិញ្ញាណក្ខន្ធ» ដែលនឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅសួនច្បារខាងមុខព្រះបរមរាជវាំង និងសួនច្បារព្រះរាជបណ្ដាំ(ជាប់របងអតីតរណសិរ្យ) ដោយមានការយាង និងអញ្ជើញចូលរួមពីសម្ដេចសង្ឃ ព្រះសង្ឃទាំងពីរគណៈ(គណៈមហានិកាយ និងគណៈធម្មយុត្ដិកនិកាយ) តាជី យាយជី ពុទ្ធបរិស័ទ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ចូលរួមចំនួន ២ ៥៦៦ អង្គ/នាក់។
ចំពោះកម្មវិធី «សមាធិរម្លឹកដូងព្រះវិញ្ញាណក្ខន្ធ» នេះ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការចូលរួមសហការពីក្រសួងព្រះបរមរាជវាំង, ក្រសួងព័ត៌មាន, រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ។
បើតាមការលើកឡើងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាបានឱ្យដឹង ការរៀបចំកម្មវិធី «សមាធិរម្លឹកដូងព្រះវិញ្ញាណក្ខន្ធ» នេះ ក្នុងគោលបំណងដើម្បីគម្រប់ខួប «១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គត ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ» និងបង្ហាញពីទឹកចិត្ដ និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្ដាំដ៏ថ្លៃថ្លា និងពោរពេញដោយអត្ថន័យទូន្មានដែលបានឆ្លាក់លើផ្ទាំងសិលា ជាព្រះរាជឱង្ការរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានឆ្លាក់លើផ្ទាំងសិលានៅសួនច្បារព្រះរាជបណ្ដាំ។ ទន្ទឹមនេះដែរ ក៏រម្លឹកពីគំរូវីរភាព និងការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូកតវេទីប្រកបដោយការគោរពដ៏ខ្ពស់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លាប្រកបដោយសេចក្ដីនឹករលឹក សោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបានជាមួយនឹងសេចក្ដីអំណរព្រះគុណជាអនេកកប្បការគ្មានថ្ងៃបំភ្លេចបាន។
សូមរម្លឹកផងដែរថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ» ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គ បានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ»៕
ប្រភព៖ AKP