ទូតអូស្ត្រាលីថា ការបើកវគ្គបណ្ដុះបណ្ដាលប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ឲ្យនគរបាលកម្ពុជា នឹងគាំទ្រកម្ពុជាចេញពីបញ្ជីប្រផេះ

ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានអះអាងថា ការបើកវគ្គបណ្ដុះបណ្ដាល ប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ ឱ្យនគរបាលកម្ពុជា នឹងរួមចំណែកជួយគាំទ្រកម្ពុជាបង្កើនសមត្ថភាព ធ្វើយ៉ាងណាគាំទ្រដល់កម្ពុជាចេញពីបញ្ជីប្រផេះ នៃប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ លោក Pablo Kang បានលើកឡើងថា នគរបាលអូស្ត្រាលី កំពុងដំណើរការវគ្គបណ្ដុះបណ្ដាលមួយចំនួនទៀត ឱ្យដល់កងកម្លាំងនគរបាលកម្ពុជា ជាពិសេសពាក់ព័ន្ធកិច្ចសហការលើការងារ ប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ បទល្មើសបច្ចេកវិទ្យា ការធ្វើកោសល្យវិច្ច័យឌីជីថល។

លោកសង្ឃឹមថា «កិច្ចការទាំងនេះ នឹងរួមចំណែកជួយគាំទ្រដល់កម្ពុជាបង្កើនសមត្ថភាព ក៏ដូចជាធ្វើយ៉ាងណាចូលរួមគាំទ្រការដល់កម្ពុជាចេញពីបញ្ជីប្រផេះ នៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ផងដែរ»។

ជាការឆ្លើយតប សម្ដេច ស ខេង ស្វាគមន៍ចំពោះការជួយគាំទ្រពីសំណាក់ភាគីអូស្ត្រាលីមកលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការងារប្រយុទ្ធប្រឆាំងការសម្អាត ប្រាក់។

សូមជម្រាបថា ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់៕ ដោយ៖ រិន ចំរើន