ភ្នំពេញ ៖ ខណៈកំពុងកាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ ហើយក៏ជិតនឹងបញ្ចប់ភាពជាប្រធាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានលើកកម្ពស់ពីក្រុមស្ត្រីថា អាស៊ានគឺជាតំបន់ដែល មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសដោយសារការចូលរួមដ៏សកម្មរបស់ស្ត្រី។
ក្នុងកិច្ចប្រជុំកំពូលស្ដ្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ ស្ដ្រីនៅក្នុងអាស៊ាន» នាថ្ងៃ១២ តុលា តាមប្រព័ន្ធអនឡាញ សម្ដេចតេជោបានមានប្រសាសន៍ថា “អាស៊ាន គឺជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសដោយសារការចូលរួមដ៏សកម្មរបស់ស្ត្រី។ សេដ្ឋកិច្ច នៃបណ្តាប្រទេសក្នុងអាស៊ាន ពឹងផ្អែកខ្លាំង លើសហគ្រាសធុនមីក្រូ, តូច និងមធ្យមដែលដឹកនាំដោយស្ត្រី”។
សម្តេចបន្តថា ក្នុងក្របខ័ណ្ឌអាស៊ាន ទាំងពេលបច្ចុប្បន្ន និងអនាគត ស្ត្រីនឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ជាពិសេសក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំ។
ទន្ទឹមគ្នានេះ សម្ដេចតេជោក៏បានលើកពីកម្ពុជាថា មានសហគ្រាសធុនមីក្រូតូច និងមធ្យមរហូតដល់ទៅ៩៨% នៃចំនួនសហគ្រាសសរុបដែលបានចូលរួមចំណែក ដល់សេដ្ឋកិច្ចជាតិប្រមាណ៥៨% និងបានផ្តល់ការងារ ប្រមាណ ៧៣%នៃការងារសរុប។ ក្នុងនោះ ស្ត្រីគឺជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ៦១%នៃចំនួនសរុបនៃសហគ្រាសធុនមីក្រូតូច និងមធ្យម ។ ការណ៍នេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា កំណត់និងជំរុញការ លើកតម្កើងស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគលើសមភាព យេនឌ័រ និងការលើកកម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍន៍នៅគ្រប់វិស័យ និងគ្រប់កម្រិត៕ ដោយ៖ រិន ចំរើន