ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែបច្ចុប្បន្ន នឹងឡើងទៅអង្គុយកៅអីរដ្ឋមន្រ្តីក្រសួងកសិកម្មជំនួសលោក វេង សាខុន ដែលត្រូវបញ្ចប់តំណែងកាលពីថ្ងៃទី០៨ ខែតុលា ថ្មីៗនេះ។ បេក្ខភាពជារដ្ឋមន្រ្តីក្រសួងកសិកម្មវ័យក្មេងរូបនេះ ត្រូវបានបង្ហាញនិងផ្សព្វផ្សាយលើបណ្តាញសារព័ត៌មានក្នុងស្រុកយ៉ាងព្រោងព្រាតនៅថ្ងៃទី១០ តុលានេះ។
ក្នុងលិខិតចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ស្នើទៅកាន់ប្រធានរដ្ឋសភាជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានស្នើសុំសភាឱ្យរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើលោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម ជំនួសលោក វេង សាខុន។ សំណើរបស់សម្តេចតេជោនឹងត្រូវគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងយកមកពិនិត្យនៅថ្ងៃទី១៣ តុលាខាងមុខនេះ។
សូមរំលឹកជូនដែរថា ក្រោយបញ្ចប់តំណែងលោក វេង សាខុន ភ្លាម សម្តេចតេជោបានសម្រេចតែងតាំងលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជារដ្ឋមន្រ្តីស្តីទីក្រសួងកសិកម្ម ដើម្បីរងចាំរដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី។
ដោយឡែកពាក់ព័ន្ធនឹងមូលហេតុពិតនៃការដកលោក វេង សាខុន ពីកៅអីរដ្ឋមន្រ្តីក្រសួងកសិកម្មមិនត្រូវបានផ្សព្វផ្សាយទម្លាយឱ្យដឹងនោះទេគិតរហូតមកដល់ពេលនេះ។ ក៏ប៉ុន្តែមុនការដកតំណែងលោក វេង សាខុន រូបលោកធ្លាប់ត្រូវបានសម្តេចតេជោកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការស្តីបន្ទោសខ្លាំងៗនៅចំពោះមុខបណ្តារដ្ឋមន្រ្តី ចំពោះភាពអសកម្មរបស់លោកក្នុងតំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម និងហៅលោកថា ជារដ្ឋមន្រ្តីជិះសេះមើលផ្កាផងដែរ។
ទន្ទឹមនឹងការស្តីបន្ទោសខ្លាំងៗ នៅគ្រានោះដែរ សម្តេចតេជោក៏បានបញ្ជូនសារចំៗនិងច្បាស់ៗថា សម្តេចប្រើពេលតែ២៤ម៉ោងប៉ុណ្ណោះក្នុងការដករដ្ឋមន្រ្តីមួយបាន៕ ដោយ៖ ឧត្តម