ភ្នំពេញ៖ គំនិតផ្ដួចផ្ដើមចំនួន២០ត្រូវបានដាក់ចេញនៅក្នុងសេចក្ដីព្រាងផែនទីបង្ហាញផ្លូវការ អភិវឌ្ឍវិស័យយានយន្ដ និងអេឡិចត្រូនិកកម្ពុជា ក្នុងនោះគំនិតផ្ដួចផ្ដើមអាទិភាពចំនួន០៤ ដែលមានភាពបន្ទាន់បាននិងកំពុងត្រូវបានអនុវត្ត បើទោះបីសេចក្ដីព្រាងផែនទីបង្ហាញនេះមិនទាន់ត្រូវបានអនុម័តជាផ្លូវការក៏ដោយ។
ក្នុងកិច្ចប្រជុំពិភាក្សានៃគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ តុលានេះ ដឹកនាំដោយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងសេដ្ឋកិច្ចបានកំណត់គំនិតផ្ដួចផ្ដើមអាទិភាពទាំង០៤នោះរួមមាន ១. ការបង្កើតក្រុមប្រឹក្សាផ្ដល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ដកម្ពុជា និងអេឡិចត្រូនិច ២. ការកំណត់ទីតាំង តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ចង្កោមវិស័យយានយន្ដ និងអេឡិចត្រូនិក ៣.ការសហការជាមួយវិស័យឯកជនដើម្បីរៀបចំកម្មវិធីជំនាញដល់កម្មករនិយោជិត ៤.ការបន្ដធ្វើឱ្យប្រសើរឡើងនូវនីតិវិធីឡូជិស្ទីក។
សូមរំលឹកផងដែរថា មុននឹងត្រូវបានដាក់ឆ្លងកិច្ចប្រជុំគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃនេះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាំក់ព័ន្ធ លើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ដ និងអេឡិចត្រូនិកកម្ពុជានេះផងដែរ៕ ដោយ៖ សាន សៀងហៃ