សៀមរាប៖ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយក្នុងខេត្តសៀមរាប នៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី គន់ អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញដល់អាជ្ញធរក្រុង ស្រុ កដែលរងផលប៉ះពាល់ដោយទឹកជំនន់ត្រូវត្រួតពិនិត្យផលប៉ះពាល់ឡើងវិញ ពិសេសស្រុកក្រឡាញ់ ស្រុកស្រីស្នំ និងស្រុកពួក ដែលរងគ្រោះខ្លាំងជាងគេ។
លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញដល់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវស្នើសុំពូជស្រូវបន្ថែមពីក្រសួង ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងការស្តារឡើងវិញឱ្យទាន់ពេលវេលា។ ជាមួយគ្នាមន្ទីរ អង្គភាពពាក់ព័ន្ធក៏ត្រូវវាយតម្លៃនៃការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធផងដែរ ដើម្បីលើកផែនការជួសជុលឡើងវិញបន្ទាប់ពីស្ថានភាពល្អប្រសើរវិញ។
លោក លី សំរិទ្ធ អភិបាលខេត្តសៀមរាបស្តីទី បានបង្ហាញថា គិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងស្រុកចំនួន៩ ក្នុងភូមិសាស្រ្តខេត្តសៀមរាប រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងស្រុកអង្គរធំ មានប្រជាពលរដ្ឋចំនួន ២៥ ២១៣គ្រួសារ ភូមិចំនួន ៣២៥ភូមិ ឃុំចំនួន៦៣។
ជាមួយគ្នានេះ ក៏ធ្វើឱ្យមានការខូចខាត ស្រូវពង្រោះចំនួន ៣២ ៤៦៥ ហិកតា ស្មើនឹង ២៣ ៥៧៨ គ្រួសារ។ ខូចខាតស្រូវ ចំនួន២ ៧៨៣ ហិកតាស្មើនឹង៣ ៥៥៣ ដំឡូងមីចំនួន៧ ៣៥១ ហិកតាស្មើនឹង៤ ៦៥៣ គ្រួសារ ។លិចបរិវេណផ្ទះកម្រិតស្រាល៦ ៨០២ខ្នង និងកម្រិតធ្ងន់២៩ខ្នង ព្រមទាំងលិចផ្លូវប្រវែងសរុប ១៧៧ ៤៧០ម៉ែត្រ និងខូចខាតដីស ក្រហមប្រវែង៥ ២៧០ម៉ែត្រ លិចខ្នងទំនប់,ខ្នងប្រឡាយ ប្រវែង២១ ៣២៧ម៉ែត្រ និងខូចខាតប្រវែង៩៥ម៉ែត្រ លិចស្ពាន០៣កន្លែង និងខូចខាតប្រវែង ១៦ម៉ែត្រ លិចទីធ្លាសាលារៀន៨១កន្លែង លិចបរិវេណមណ្ឌលសុខភាព០៦កន្លែង អាគាររដ្ឋបាលឃុំ, ប៉ុស្តិ៍រដ្ឋបាល ២១កន្លែង លិចបរិវេណវត្ត១៨កន្លែង លិចក្នុងផ្សារ០២កន្លែង៕ ដោយ៖ គង់ សេដ្ឋាមុនី