ភ្នំពេញ៖ អតីតប្រធានគណបក្សស្រុក នៃគណបក្សខ្មែរស្រឡាញ់ជាតិមួយរូបទៀត បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។
លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងនៅលើហ្វេសប៊ុករបស់លោក នាល្ងាចថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២នេះថា «ថ្ងៃនេះ យើងរីករាយស្វាគមន៍ លោក យ៉ង យ៉ាន អតីតប្រធានគណបក្សស្រុក នៃគណបក្សខ្មែរស្រឡាញ់ជាតិ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានសម្រេចចិត្តវិលមករួមរស់ ជាមួយមហាក្រុមគ្រួសារ នៃគណបក្សប្រជាជន»។
លោក ដួង តារា បានសរសេរបន្តថា «ដោយសារបងប្អូនបានឃើញខ្ញុំ គោរពស្រឡាញ់រាប់អានពលរដ្ឋដោយគ្មានការរើសអើងអស់ពីបេះដូង ទើបកន្លងទៅមានបងប្អូន ដែលជាអតីតសកម្មជននយោបាយមកពីគណបក្សប្រឆាំង មានអតីតក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាខេត្តមួយចំនួន បានសម្រេចចិត្តវិលត្រឡប់មករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន ក្រោមម្លប់ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន»។
ជាមួយគ្នានេះ លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សកម្មជនជាច្រើនទៀត ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ ដោយលោកបន្ថែមថាពិតណាស់ គឺមានតែគណបក្សប្រជាជន ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ដែលនឹងបន្តទទួលជ័យជំនះ ក្នុងការដឹកនាំកសាងប្រទេសជាតិយើង ឱ្យកាន់តែសំបូរសប្បាយរុងរឿង៕ ដោយ៖ ឆែម ពិសិដ្ឋ