ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជូនដំណឹងអំពីការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ៩៥ ក្នុងភូមិសាស្ត្រស្រុកជ័យសែន ខេត្តព្រះវិហារ។
សេចក្ដីជូនដំណឹង នៅថ្ងៃទី ៧ ខែតុលានេះ បានឱ្យដឹងថា ដោយស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង(ដងស្ទឹងសែន) បានបន្តឡើងដល់កម្រិតប្រកាសអាសន្ន ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងរថយន្តដឹកទំនិញធុនធ្ងន់បានទេ។
ដូច្នេះហើយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សម្រេចបិទចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ៩៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ៤០ ដល់គីឡូម៉ែត្រលេខ ៤១ ស្ថិតក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពានកុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព៕ ដោយ៖ ឆែម ពិសិដ្ឋ