គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម គ្រោងជួបពិភាក្សាគ្នាអំពីការរួបរួម

ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម គ្រោងជួបពិភាក្សាគ្នាអំពីការរួបរួម ដើម្បីបង្កើតប៉ូលនយោបាយថ្មីមួយ សម្រាប់ការចូលរួមការបោះឆ្នោតនាពេលខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួម របស់គណបក្សទាំងពីរ។

សេចក្ដីប្រកាសព័ត៌មាន ដែលផ្សព្វផ្សាយនៅថ្ងៃទី ៧ ខែតុលានេះ បានឱ្យដឹងថា ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍ដ៏ឧត្ដុងឧត្ដម សម្រាប់ប្រទេសជាតិ និងប្រជាជាតិខ្មែរ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបពិភាក្សាគ្នា ស្ដីពី ការរួបរួមគ្នាដើម្បីបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យស៊េរីថ្មី ដោយមានសមាសភាពចូលរួមចម្រុះពីនិស្សិត បញ្ញវន្ដ យុវជន ស្ត្រី អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម ក្នុងការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ ឆ្នាំ ២០២៣ខាងមុខ។

សេចក្ដីប្រកាសព័ត៌មានរួមដដែលនេះ បានឱ្យដឹងបន្តថា ក្នុងស្មារតីខាងលើនេះ គណបក្សទាំងពីរបានព្រមព្រៀងគ្នា រៀបចំឱ្យមានជំនួបរវាងថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ ដើម្បីពិភាក្សាលម្អិតស្វែងរកការសម្រេចរួម ឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យស៊េរីថ្មីមួយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ៨ព្រឹក នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ បន្ទាប់ពីបញ្ចប់នូវកិច្ចពិភាក្សា នឹងមានការធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសលទ្ធផលនៃជំនួបរវាងគណបក្សទាំងពីរនេះ។

សូមជម្រាបថា គណបក្សខ្មែររួបរួមជាតិ គឺមានលោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្សុ, រីឯគណបក្សកម្ពុជានិយម មានលោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធាន ដែលជាអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ៕
ដោយ៖ ឆែម ពិសិដ្ឋ