ជាថ្មីម្តងទៀត សម្តេចតេជោថា ជារឿងអកុសលដែលកូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់ទៀតរំលងជប៉ុន

ភ្នំពេញ៖ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីល២គ្រាប់ទៀតឆ្លងកាត់ប្រទេសជប៉ុន កាលពីថ្ងៃ៦ តុលា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចាត់ទុកថា មិនមែនជារឿងលេងសើចនោះទេ។ កាលពីថ្ងៃ៤ តុលា ប្រទេសកាន់របបកុម្មុយនីស្តនេះបានបាញ់មីស៊ីលម្តងរួ ចមកហើយ ក្នុងរយៈចម្ងាយជិត៥ពាន់គីឡូម៉ែត្រមកលើជប៉ុន។

ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២សម្តេចតេជោ បានមានប្រសាសន៍តើអាចកើតមានសង្គ្រាមនុយក្លេអ៊ែរឬទេ បើមានការព្រមានគ្នា (បញ្ហាក្នុងពិភពលោក)ជាប្រចាំថ្ងៃយ៉ាងដូច្នេះ។

សម្ដេចតេជោថា “រឿងរ៉ាវអកុសលម្សិលម្ង៉ៃ គឺបាញ់មីស៊ីលឆ្លងកាត់ពីកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន មិនមែនជារឿងលេងសើចនោះទេ។ កម្ពុជាបានធ្វើការថ្កោលទោស ក្នុងពេលចរចាជាមួយ នាយករដ្ឋមន្ដ្រីគុយបា។ នេះជាការគំរាមកំហែងដល់សន្ដិសុខក្នុងតំបន់ មិនមែនជាបញ្ហាបាញ់ចូលទៅសមុទ្រទេ ប៉ុន្ដែបាញ់ឆ្លងកាត់ប្រទេសមួយ។ ការបាញ់ឆ្លងកាត់ប្រទេសមួយបាន ន័យថា ប្រសិនបើខ្ញុំចង់បាញ់ចូលតូក្យូ ឬក៏បាញ់ចូលក្នុងតំបន់ណាមួយនៃប្រទេសជប៉ុន ក៏អាចបាញ់បាន ព្រោះឆ្លងកាត់ប្រទេសទៅហើយ។ រឿងនេះកម្ពុជាបានយកគោលជំហរច្បាស់លាស់”។

ម្តងទៀតហើយដែលកូរ៉េខាងជើង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់បន្ថែមទៀត ធ្លាក់ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន បន្ទាប់ពីទីក្រុងព្យុងយ៉ាងថ្កោលទោស សហរដ្ឋអាមេរិក ជុំវិញការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការធ្វើសមយុទ្ធយោធារួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល៕ ដោយ៖ រិន ចំរើន