លោក ហង់ជួន ណារ៉ុន៖ វិបត្តិកូវីដ-១៩ បានបង្ហាញថា គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ និងជាបេះដូងនៃការអប់រំ

ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា វិបត្តិកូវីដ-១៩ បានបង្ហាញថា គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ។

ការលើកឡើងនេះ ក្នុងទិវាគ្រូបង្រៀនឆ្នាំ២០២២បានប្រព្រឹត្តទៅក្រោមប្រធានបទ៖ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” ត្រូវបានជ្រើសរើសធ្វើជាប្រធានបទនៃពិធីអបអរសាទរទិវាគ្រូបង្រៀន នាថ្ងៃទី០៥ ខែតុលា ២០២២ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា តួនាទី និងប្រសិទ្ធភាពនៃការបំពេញការងាររបស់គ្រូបង្រៀន ពិតជាមានសារៈសំខាន់ ដើម្បីធានាឱ្យសិស្សានុសិស្ស និងនិស្សិតទទួលបាននូវការអប់រំ គ្រប់កាលៈទេសៈ ប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព។

រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងអំណរគុណចំពោះការបូជាកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីរបស់គ្រូបង្រៀនគ្រប់រូប និងគ្រប់ជំនាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពុះពារបង្ហាត់បង្រៀនកូនខ្មែរគ្រប់រូប ឱ្យទទួលបាននូវចំណេះដឹង និងជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិរហូតដល់សព្វថ្ងៃ។

រដ្ឋមន្ត្រីក្រសួងអប់រំបានអះអាងថា ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ បានសហការគ្នាក្នុងការផ្តល់សេវាអប់រំតាមគ្រប់រូបភាពដល់សិស្សានុសិស្ស និងនិស្សិត។ ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀនអន្តរជាតិ ដើម្បីបង្ហាញនូវតួនាទីដ៏សំខាន់របស់គ្រូបង្រៀន ក្នុងការធ្វើបរិវត្តកម្មអ្នកសិក្សាប្រកបដោយសក្តានុពល ដោយធានាថាពួកគេមានឧបករណ៍ ត្រូវទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សង្គមជាតិ និងពិភពលោក៕
ដោយ៖ គង់ សេដ្ឋាមុនី