អភិបាលក្រុងកែប ចាត់វិធានការឱ្យក្រុមអាជីវករ រុះរើចសំណង់លើផ្លូវសាធារណៈ មុនពិធីបុណ្យអ៊ុទូកជាកំហិត

កែប៖ លោក ខេង យ័ន អភិបាលក្រុងកែប បានចាត់វិធានការយ៉ាងកំហិតឱ្យក្រុមអាជីវករនៅតាមបណ្តោយឆ្នេរកែប ដែលសង់សំណង់លើផ្លូវសាធារណៈរុះរើចេញមុនថ្ងៃទី១៥ ខែតុលា ខាងមុខ។ នេះបើតាមការផ្សាយលើហ្វេសប៊ុករបស់រដ្ឋបាលខេត្តកែប នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។

វិធានការជាកំហិតនេះ បានធ្វើឡើងបន្ទាប់ពីអញ្ចើញបងប្អូនអាជីវករចូលប្រជុំ នៅសាលាក្រុងកែបកាលពីពេលថ្មីៗនេះ ដោយលើកយកបញ្ហា និងដំណោះស្រាយនានា ជុំវិញភាពរញ៉េរញ៉ៃនៅតាមបណ្តោយឆ្នេរកែប។ លោក ខេង យ័ន អភិបាលក្រុងកែប នៅថ្ងៃអង្គារ ទី៤ ខែតុលា បានដឹកនាំគណៈបញ្ជាការឯកភាពក្រុង ចុះវាស់វែង និងរៀបចំសំណង់នានា ដែលអាជីវករនៅតាមបណ្តោយឆ្នេរកែប បានសង់រំលោភលើផ្លូវសាធារណៈ និងគំរបលូជាដើម ដោយទុកពេលឱ្យត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឱ្យម្ចាស់សំណង់ទាំងនោះរើចេញជាកំហិត។

លោកអភិបាល បានគូសបញ្ជាក់ថា ដូចដែលបានព្រមព្រៀងគ្នាជាមួយបងប្អូនអាជីវករកន្លងមកនេះ លោកអភិបាលបានសម្រេចមិនអនុញ្ញាតឱ្យមានការលក់ដូរនៅថ្ងៃចន្ទដល់សុក្រនោះទេ។ ហើយបងប្អូនអាជីវករ ក៏បានស្នើសុំការអនុញ្ញាតលក់សម្រាប់ថ្ងៃបុណ្យទាន។ ឯសម្រាប់ថ្ងៃចុងសប្តាហ៍ គឺមិនទាន់មានការសម្រេចយ៉ាងណានោះទេ។ នេះបើតាមលោក ខេង យ័ន អភិបាលក្រុងកែប។

លោកអភិបាល បានបន្ថែមថា ថ្ងៃនេះ លោកបានចុះមកធ្វើការវាស់វែងរាល់សំណង់ដែលសង់ចូលដីចំណីផ្លូវសាធារណៈ និងសំណង់ដែលដាក់លើគម្រប់លូជាដើម ដោយទុលពេលឱ្យពួកគាត់រុះដោយខ្លួនឯង មុនពេលដែលអាជ្ញាធរចាត់វិធានការ ដោយកំណត់ត្រឹមថ្ងៃទី១៥ ខែតុលានេះ ពោលមុនពិធីបុណ្យអ៊ុទូកឈានចូលមកដល់។

លោកអភិបាលរូបនេះ បានបន្ដថា មកទល់ឥឡូវនេះ ជាពេលដែលយើងត្រូវការរៀបចំសារឡើងវិញ នូវចំណុចខ្វះខាតនានាដែលបានបន្សល់តាំងពីពេលកន្លងទៅ ដើម្បីស្តារនូវសណ្តាប់ធ្នាប់ សោភ័ណភាពតំបន់ឆ្នេររបស់យើង។ ជាមួយវិធានការជាកំហិតនេះ លោកអភិបាល បានសំណូមពរដល់បងប្អូនអាជីវករ សុំឱ្យមានការយោគយល់ និងសហការជាមួយអាជ្ញាធរ ដើម្បីភាពរីកចម្រើនក្នុងខេត្តរបស់យើង៕ ដោយ៖ ឆឹម ទិត