រយៈពេល៩០ថ្ងៃ គិតត្រឹមថ្ងៃទី០៤ ខែតុលា រថយន្ដចង្កូតស្ដាំគ្រប់ប្រភេទ ត្រូវ បាន បង់ ពន្ធ និងចុះបញ្ជីជិត១ម៉ឺន គ្រឿង និងទទួលបានថវិកាប្រមាណ២០លានដុល្លារ

ភ្នំពេញ៖ លោក គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គនាយកនៃអគ្គនាយក ដ្ឋាន គយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា សម្រាប់យុទ្ធនាការរយៈពេល៩០ថ្ងៃ ជាលទ្ធផល គិតត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ រថយន្ដចង្កូតស្ដាំគ្រប់ប្រភេទ ត្រូវបានម្ចាស់មកបង់ ពន្ធអាករ និងចុះបញ្ជីសរុបចំនួន ៩ ៨១៤ គ្រឿង និងទទួលបានថវិកាជិត២០លានដុល្លារ។ ការគូសបញ្ជាក់នេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពនៃការអនុវត្ដប្រមូលពន្ធលើ យាន យន្ដគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោក គុណ ញឹម បានមានប្រសាសន៍ថា សម្រាប់រថយន្ដចង្កូតស្ដាំ គ្រប់ ប្រភេទ ត្រូវបានម្ចាស់មកបង់ ពន្ធអាករ និងចុះបញ្ជីសរុបចំនួន ៩ ៨១៤ គ្រឿង ក្នុងនោះ ជាង ៩០ភាគរយ នៃរថយន្ដចង្កូតស្ដាំដែលម្ចាស់យកមកបង់ពន្ធ និងចុះបញ្ជីគឺជាប្រភេទ រថយន្ដ ដឹក និងជាប្រភេទរថយន្ដបែន ដូចជារថយន្ដដឹកដី ដឹកខ្សាច់ និងដឹកថ្ម ជាដើម។ ឯកឧត្ដមបណ្ឌិតបានអះអាងថា រថយន្ដប្រភេទទាំងអស់នេះ គឺជារថយន្ដប្រភេទដឹក ដែល មានអត្រាពន្ធទាប និងជាប្រទេសរថយន្ដដឹក និងជាប្រភេទរថយន្ដចាស់ៗ ដែលគិតជា ទឹក ប្រាក់ប្រមាណជិត ២០ លាន ដុល្លារ។

តែទោះបីជាយ៉ាងណាក៏ដោយ លោក គុណ ញឹម បានលើកឡើងថា ចំណូល ទាំងនេះ ក៏ជាផ្នែកមួយចូលរួមនៅក្នុងផែនការនៃការអនុវត្ដយុទ្ធសាស្រ្ដកៀរគរ ចំណូល របស់រាជរដ្ឋាភិបាលផងដែរ។ លោក បានបញ្ជាក់បន្ថែមថា ក្នុងចំណោម រថយន្ដចង្កូតស្ដាំជិត១ម៉ឺនគ្រឿង គឺ ម្ចាស់ រថយន្ដបាន មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ចំនួន ៥ ៩៧៦ គ្រឿង ដោយប្រមូល ពន្ធអាករប្រមាណ១៩.៧៣លានដុល្លារ។ ចំណែករថ យន្ដ ចង្កូតស្ដាំនៅសល់ដែលចុះ បញ្ជី រួច ហើយម្ចាស់រថយន្ដខកខានមិនទាន់បាន ចូលរួមមក បង់ពន្ធ និងអាករ មានប្រមាណ ៣ ៨៣៨ គ្រឿង។

រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់ម្ចាស់រថយន្ដ ដែល គ្មានពន្ធនៅទូទាំងប្រទេសជ្រកក្រោមស្លាកផ្សេងៗ ដើម្បីរួសរាល់ចូលខ្លួនមកបំពេញ កាតព្វ កិច្ច ពន្ធអាករ ស្របតាមគោលការណ៍ដែលបានអនុញ្ញាតដោយរាជរដ្ឋាភិបាល។

សូមជម្រាបជូនថា ការប្រមូលពន្ធអាករលើរថយន្ដមានស្រាប់ក្នុងប្រទេស ប្រមុខ រាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានចេញគោលការណ៍អនុញ្ញាតឱ្យរថយន្ដ ចង្កូត ស្ដាំដែលនៅសេសសល់ និងមានស្រាប់ក្នុងប្រទេសចូលមកបង់ពន្ធអាករដោយ មិន ចាំ បាច់ កែ ចង្កូត ដោយដាក់ឱសានវាទត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ សម្រាប់ ឱសាន វាទរថយន្ដ ចង្កូតស្ដាំដែលចុះបញ្ជីរថយន្ដរបស់ខ្លួនគឺមានរយៈពេល៩០ថ្ងៃ ដែលនឹង ត្រូវផុត កំណត់ នៅ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដែលម្ចាស់រថយន្ដចង្កូតស្ដាំត្រូវមកបំពេញ កាតព្វ កិច្ច ពន្ធ និងអាករ។ ការចាប់ផ្ដើមអនុវត្ដន៍យុទ្ធនាការចុះបញ្ជីរថយន្ដចង្កូតស្ដាំ គឺមាន គឺមាន រយៈពេល៩០ថ្ងៃ ដើម្បីទុក ពេលឱ្យម្ចាស់រថយន្ដចង្កូតស្ដាំគ្មានពន្ធ ស្វែងរកថវិកា ដើម្បី ចូលខ្លួនមកបង់ពន្ធ៕ដោយ៖ គង់ សេដ្ឋាមុនី