ភ្នំពេញ ៖ លោកព្រឹទ្ធាចារ្យនយោបាយ គង់ គាំដែលជាអតីតស្ថាបនិកគណបក្សជាតិខ្មែរ, អតីតប្រធានគណបក្ស សម រង្ស៊ី និងបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានសម្រេចអញ្ជើញមកចូលរួមជាមួយគណបក្សភ្លើងទៀន។ ការមកចូលរួមជាមួយមិត្តរួមអាជីពចាស់ ក្នុងបក្សភ្លើងទៀននេះ ត្រូវបានបក្សនេះផ្តល់តួនាទី ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន។
ក្នុងការសម្រេចផ្តល់តួនាទីនេះ បានធ្វើឡើងក្រោយពីបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ។ បើតាមសេចក្ដី ថ្លែងការណ៍ របស់បក្សភ្លើងទៀននាថ្ងៃ៤ តុលា បានឱ្យដឹងថា បក្សស្វាគមន៍គណបក្សឆន្ទៈខ្មែរដែលបានសម្រេចចិត្តមិនដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ហើយសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន ជាគណបក្សតែមួយ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា “ស្វាគមន៍ឯកឧត្តម គង់ គាំ ដែលបានអញ្ជើញមកចូលរួមជាមួយគណបក្សភ្លើងទៀន ។ ផ្តល់តួនាទីជូន ឯកឧត្តម គង់ គាំ ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ”។
ជាមួយគ្នានេះ គណបក្សអំពាវនាវដល់អ្នកស្នេហាជាតិ អ្នកស្រឡាញ់ប្រជាធិបតេយ្យទាំងអស់ ចូលរួមជាមួយគណបក្សភ្លើងទៀន ដើម្បីជាកម្លាំងចលករប្រជាធិបតេយ្យដ៏ធំមួយ ឈានទៅរកជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
សូមបញ្ជាក់ថា ការអញ្ជើញមករួមរស់ជាមួយមិត្តដែល បានបែកគ្នាជាច្រើនឆ្នាំរបស់លោកគង់ គាំ បន្ទាប់ពីអតីតគណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោលដោយអំណាចតុលាការ កាលពីឆ្នាំ២០១៧៕ ដោយ៖ រិន ចំរើន