ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជាបានបង្ហាញការព្រួយបារម្ភ ចំពោះភាពទន់ខ្សោយវិស័យកីឡានៅទ្វីបអាស៊ី ខណៈមានប្រទេសមួយចំនួនតូចប៉ុណ្ណោះក្នុងទ្វីបមួយនេះ អាចចូលវគ្គជម្រុះ World Cup ជារៀងរាល់ពេល។
ការព្រួយបារម្ភនេះបានធ្វើឲ្យសម្តេចចោទសួរថា តើហេតុអ្វីទៅបានជាវិស័យកីឡានៅទ្វីបអាស៊ី នៅទន់ខ្សោយ? ជាពិសេស បាល់ទាត់ សូម្បីវគ្គកណ្ដាលផ្ដាច់ព្រ័ត្រ World Cup ក៏ពិបាលចូលដែរ ។
សម្តេចតេជោ បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ថា ក្នុងពេលមានជំនួបជាមួយ ប្រធានក្រុមប្រឹក្សា OCAសម្តេចបានលើកឡើងថា ហេតុអ្វីទៅបានជាកីឡារបស់ទ្វីបរបស់ នៅទន់ខ្សោយ? “ជាពិសេសបើពិនិត្យពីបាល់ទាត់ ឃើញថា ក្នុងតំបន់របស់យើងគ្រាន់តែចិន និងឥណ្ឌា គឺមានប្រជាជនជិត៣ពាន់លាននាក់ បូកនឹងអាស៊ានប្រមាណ៦០០លាននាក់ទៀត និងបូកបណ្ដាប្រទេសនានា គឺប្រជាជនច្រើនណាស់។ ប៉ុន្ដែបើនិយាយបាល់ទាត់ សូម្បីតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យើងក៏ពិបាកចូល ហើយក៏មានតែប្រទេសចំនួនតូបប៉ុណ្ណោះ ដែលបានអាចចូលទៅក្នុងវគ្គជម្រុះ World Cup ជារៀងរាល់ពេល»។
សម្រាប់ World Cup ឆ្នាំ២០២២នេះវិញ គឺធ្វើឡើង នៅប្រទេសកាតា ដោយសម្ដេចសង្ឃឹមថា ក្រោយបញ្ចប់ការប្រកួត នឹងទទួលបានផ្លែផ្កាល្អ ក៏ប៉ុន្ដែអ្វីគួរ សិក្សាបន្ថែម តើមានមូលហេតុអ្វីខ្លះ? ដែលប្រជាជនចំនួនដ៏ច្រើន បែរជាកីឡារទន់ខ្សោយជាងទ្វីបដ៏ទៃ? បើប្រៀបធៀបជាមួយទ្វីបអឺរ៉ុប និងទ្វីបអាមេរិក គឺទ្វីបអាស៊ី មានភាពទន់ខ្សោយជាងគេដែលចំណុចនេះត្រូវគួរសិក្សាបន្ថែមទៀត។
សម្រាប់បញ្ហាកីឡានេះដែរ សម្ដេចតេជោ ក៏បានលើកឡើងពីការពង្រឹងវិធានការក្នុងពេលការប្រកួត ព្រោះនាពេលថ្មីៗនេះ នៅឥណ្ឌូនេស៊ី មានការរត់ជាន់គ្នាស្លាប់ជាច្រើននាក់ ក្នុងពេលការប្រកួតបាលទាត់៕ ដោយ៖ រិន ចំរើន