ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា ចំនួនបណ្ដឹងដែលទទួលបានតាមប្រព័ន្ធហ្វេសប៊ុក និងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍មានប្រមាណ៣៦៨ករណី ក្នុងនោះជនល្មើសធ្វើសកម្មភាពនៅខេត្តព្រះសីហនុច្រើនជាងគេគឺរហូតដល់២៤៩ករណី ដោយក្រុមប្រតិបត្តិការបានរុករកជនល្មើសតាមបណ្ដាទីតាំងសង្ស័យ និងតាមសេចក្ដីរាយការណ៍ សង្គ្រោះជនរងគ្រោះបាន៣៦១នាក់ ក្នុងនោះរងគ្រោះអំពើជួញដូរមាន៩ករណី មនុស្ស៥៤នាក់ និង៦សញ្ជាតិ។
ក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២ នាព្រឹកនេះ សម្ដេចក្រឡាហោម បានឱ្យដឹងទៀតថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤១នាក់ មាន៣សញ្ជាតិ បញ្ជូនទៅតុលាការ រឹបអូសភស្តុតាង និងបិទទីតាំងដើម្បីស៊ើបអង្កេតប្រមូលភស្តុតាងបន្ថែម។
ក្រៅពីនេះ ក៏មានជនរងគ្រោះរាប់រយនាក់ទៀតត្រូវបានសមត្ថកិច្ចរកឃើញ បើទោះបីជាអ្នកទាំងនោះមិនមែនជាជនរងគ្រោះដោយអំពើជួញដូរមនុស្សក៏ដោយ ដោយសមត្ថកិច្ចបានរំដោះទៅទីតាំងសុវត្ថិភាពក្រោមកិច្ចសហការ និងសម្របសម្រួលពីស្ថានទូតពាក់ព័ន្ធដើម្បីពួកគេបានវិលត្រឡប់ទៅប្រទេសកំណើតវិញ។
សម្ដេចបាន គូសបញ្ជាក់ថា នៅឆ្នាំ២០២២សភាពការណ៍កូវីដ-១៩ បានធូរស្រាល និងចាប់ផ្ដើមសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញនោះ កម្ពុជាក៏កើតមានបទល្មើសឆបោកតាមប្រព័ន្ធគមនាគមន៍យ៉ាងគគ្រឹកគគ្រេង ព្រមជាមួយការប្រើប្រាស់មនុស្សដោយបង្ខំ កេងប្រវ័ញ្ចប្រាក់ឈ្នួល បិទសិទ្ធិសេរីភាព និងការប្រើប្រាស់ជនរងគ្រោះជាឧបកណ៍សម្រាប់បោកប្រាស់អ្នកដទៃបន្តទៀត។
សម្ដេចបន្តថា បទល្មើសនេះជាប្រភេទបទល្មើសឆ្លងដែន មានខ្សែបណ្ដាញទាំងក្នុង និងក្រៅប្រទេស និងត្រូវបានក្រុមឧក្រិដ្ឋជនលួចលាក់ធ្វើសកម្មភាពយ៉ាងសំងាត់តាមបច្ចេកវិទ្យាព័ត៌មាន ដោយបានបង្ខំមនុស្សធ្វើការដោយគ្មានសេរីភាព ឃុំឃាំងមនុស្សជំរិតទារប្រាក់ ហើយជនល្មើសខ្លះមានអាវុធខុសច្បាប់ទៀតផង ដែលសកម្មភាពនេះ បើមិនបង្ការទប់ស្កាត់ទេនឹងអាចប៉ះពាល់ដល់សន្តិសុខជាតិនាពេលអនាគត។
សម្ដេចបន្តថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានដាក់ចេញផែនការប្រតិបត្តិការដើម្បីសម្រេចបានគោលការណ៍សំខាន់៤ គឺសង្គ្រោះជនរងគ្រោះ, ស៊ើបអង្កេតរកជនប្រព្រឹត្តបទល្មើស បក្ខពួក និងស្រាវជ្រាវរកមេក្លោង, ត្រួតពិនិត្យប្រមូលភស្តុតាងឈានទៅបិទទីតាំងអាជីវកម្មខុសច្បាប់ ជាពិសេសទីតាំងលេងល្បែងស៊ីសងខុសច្បាប់ និងបើរកឃើញថា ជាករណីជួញដូរមនុស្ស ត្រូវពន្លាតការស៊ើបអង្កេតរកបទល្មើសសម្អាតប្រាក់។
ក្នុងឱកាសនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជ បានមានប្រសាសន៍បញ្ជាក់ថា ទិវានេះមិនធ្វើតែមួយថ្ងៃ២០សីហានោះទេ គឺត្រូវធ្វើជារៀងរាល់ថ្ងៃដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា។
សម្តេចតេជោបន្តថា ទោះបីបច្ចុប្បន្នប្រទេសកម្ពុជា ត្រូវបានចាត់ក្នុងចំណោមប្រទេសគួរព្រួយបារម្ភ ហើយបាននិងកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែសម្តេចក៏បានលើកឡើងដែរថា ការជួញដូរមនុស្ស គឺមិនមែនមានតែប្រទេសកម្ពុជាទេ៕
ដោយ៖ សាន សៀងហៃ