ភ្នំពេញ៖ ទោះបីបច្ចុប្បន្នប្រទេសកម្ពុជា ត្រូវបានចាត់ក្នុងចំណោម ប្រទេសគួរព្រួយបារម្ភ ហើយបាននិងកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការជួញដូរមនុស្ស គឺមិនមែនមានតែនៅប្រទេសកម្ពុជាទេ។
ការថ្លែងបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងវេទិកាអន្តរសាសនាថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ៖ «សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស»នាព្រឹកថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ជ្រោយចង្វារ រាជធានីភ្នំពេញ។
ទាក់ទងការជួញដូរមនុស្សនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យមានការចូលរួមពីគ្រប់និកាយសាសនា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានវាយតម្លៃថា ប្រសិនបើគ្មានការបកស្រាយច្បាស់លាស់ទេ ប្រទេសរបស់យើង គេអាចបកស្រាយអាក្រក់បំផុតនៅលើពិភពលោក។
«ស្ថានភាពនៃការជួញដូរមនុស្ស ឧក្រិដ្ឋកម្ម ឬចំណាកស្រុក គឺមិនមែនមានតែកម្ពុជាមួយទេ យ៉ាងណាមិញ ដូចជាសហរដ្ឋអាមេរិកជាដើម កន្លងមកអតីតប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ រហូតចង់ធ្វើរបងខ័ណ្ឌរវាងអាម៉េរិក និងម៉ិចស៊ិច មិនឱ្យមានការឆ្លងចូលរបស់ជនចំណាកស្រុកពីប្រទេសម៉ិចស៊ិច ចូលអាម៉េរិកជាដើមនោះ»។នេះជាការបង្ហាញរបស់ សម្តេចតេជោ និង បានផ្តាំផ្ញើឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ធ្វើសកម្មភាពព្រមៗគ្នាទៅលើការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយត្រូវស្រាវជ្រាវយកជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់ ជាពិសេសត្រូវមានការត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសល ទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការច្បាប់ ជាពិសេសកុំឱ្យកូនចៅរបស់យើងក្លាយជាអ្នករងគ្រោះដោយសារតែអំពើខុសច្បាប់ទាំងអស់នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជម្រក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ។
សូមបញ្ជាក់ថា វេទិកាអន្តរសាសនាលើកទី៦ឆ្នាំ ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗ អង្គទូតនៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជា ព្រមទាំង តំណាងអង្គការជាតិ-អន្តរជាតិមួយចំនួនដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជាប្រមាណ ១ ៥០០ អង្គ/នាក់៕
ដោយ៖ គង់ សេដ្ឋាមុនី