កម្ពុជារៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមក្នុងខែកញ្ញានេះ

ភ្នំពេញ៖ ព្រឹត្តិការណ៍ “សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ២០២២”នេះរៀបចំឡើងដោយអនុលោមទៅតាមផែនការសហប្រតិបត្តិការស្តីពីវប្បធម៌និងសិល្ប:ឆ្នាំ២០១៨-២០២២រវាងក្រសួងវប្បធម៌នៃប្រទេសទាំងពីរផង និងដើម្បីចូលរួមអបអរសាទរខួបទំនាក់ទំនងការទូតលើកទី៥៥រវាងប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលជួបសម្តែងការគួរសមជាមួយ លោក ឌឿង អាញ់ឌុក (Duong Anh Duc) អភិបាលរងនៃគណៈកម្មាធិការប្រជាជនក្រុងហូជីមិញ។

តាមរយៈជំនួបនោះ ភាគីទាំងពីរបានរំលឹកអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ទាំងក្នុងកាលៈទេសៈពិបាកកាលពីអតីតកាល និងក្នុងកាលៈទេសៈសន្ដិភាពនាពេលបច្ចុប្បន្ន នៅលើវិស័យជាច្រើន។ ទោះបីពិភពលោកនិងប្រទេសទាំងពីរទទួលរងផលប៉ះពាល់ពីការរីករាលដាលឆ្លងជំងឺកូវីដ-១៩កាលពីប៉ុន្មានឆ្នាំកន្លងទៅក៏ដោយ ប៉ុន្តែប្រទេសទាំងពីរនៅតែបន្តរក្សាបាននូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាទៀងទាត់ជាមួយគ្នា។
លើសពីនេះទៀត កម្ពុជា-វៀតណាម បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាផ្សេងៗមួយចំនួន រួមមានការអភិរក្សបេតិកភណ្ឌទីក្រុង, ការរៀបចំស៊ីហ្គេម(SEA Games) ដែលភាគីវៀតណាមបានធ្វើជាម្ចាស់ផ្ទះរៀបចំកន្លងមក និងវេនសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះបន្ត, គម្រោងបណ្តុះបណ្តាលនៅសាលាបេតិកភណ្ឌ រវាងកម្ពុជា ឡាវ និងវៀតណាម(CLV), ការផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក…។

លោក ឌឿង អាញ់ឌុក អភិបាលរងនៃគណៈកម្មាធិការប្រជាជនក្រុងហូជីមិញបានជូនពរឱ្យការរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមលើកនេះ ទទួលបានជោគជ័យ និងផ្លែផ្កា ជាពិសេសការផ្សព្វផ្សាយវប្បធម៌កម្ពុជានៅលើទឹកដីវៀតណាម៕
ដោយ៖ សាន សៀងហៃ