ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅថ្ងៃទី២៦ កញ្ញានេះ បានប្រកាសផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ជាបណ្តោះអាសន្ន។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៦ កញ្ញានេះ។
បើតាមមន្ទីរសាធារណការខេត្តកំពង់ធំ ការប្រកាសបែបនេះគឺធ្វើឡើងដោយសារតែស្ថានភាពជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យលិចលង់កំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដែលជាហេតុធ្វើឱ្យផ្លូវ ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តធុនធ្ងន់បាន។
កំណាត់ផ្លូវដែលត្រូវផ្អាកជាបណ្តោះអាសន្ននោះរួមមាន៖ ផ្លូវជាតិលេខ៦ ចាប់ពីគីឡូម៉ែត្រលេខ២២០ ដល់គីឡូម៉ែត្រលេខ២២៤ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ និងនៅទីប្រជុំជនភូមិត្នោត ឃុំកំពង់ចិនជើង ស្រុងស្ទោង ខេត្តកំពង់ធំ ខេត្តកំពង់ធំ។
ផ្លូវលេខ២៦៤D ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុងស្ទោង ខេត្តកំពង់ធំ និងផ្លូវលេខ២៦៤G ស្ថិតនៅក្នុងភូមិតាទ្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ នេះបើតាមការបញ្ជាក់របស់មន្ទីរសាធារណការខេត្តកំពង់ធំ៕ ដោយ៖ ឧត្តម