ក្រសួងការងារប្រកាសពីការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ រយៈពេលពីរថ្ងៃ ក្នុងខែតុលាខាងមុខនេះ

ភ្នំពេញ៖ ក្រសួងការងារកម្ពុជាតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ប្រកាសពីការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។

បើតាមក្រសួងការងារ ពិព័រណ៍ការងានេះ នឹងធ្វើឡើងនៅវេលាម៉ោង៨ព្រឹកដល់ម៉ោង៨យប់ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ក្រសួងថា ពិព័រណ៍ការងារនេះនឹងបង្កើតជាវេទិកាប្រមូលផ្តុំឱកាសការងារច្រើនកន្លែងដ៏ច្រើនសន្ធឹកសន្ធាប់នៅមួយកន្លែងងាយស្រួល និងអាចចូលមើលតាមប្រព័ន្ធអនឡាញពីគ្រប់ទីកន្លែងទូទាំងប្រទេស សម្រាប់និយោជក អ្នកស្វែងរកការងារ និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល។

ក្រសួង បន្តថា និយោជកអាចតាំងបង្ហាញ និងផ្សព្វផ្សាយពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម ដើម្បីទាក់ទាញអ្នកស្វែងរកការងារដែលមានសមត្ថភាពជំនាញ និងសត្តានុពលស្របតាមតម្រូវការ។ ម្យ៉ាងវិញទៀត អ្នកស្វែងរកការងារអាចដាក់ពាក្យ និងសម្ភាសការងារផ្ទាល់ និងតាមប្រព័ន្ធអនឡាញព្រមទាំងទទួលបានព័ត៌មានឱកាសការងារ និងឱកាសក្នុងការអភិវឌ្ឍជំនាញផងដែរ៕ ដោយ៖ ឧត្តម