ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២២ កញ្ញា ម្សិលមិញ បានចូលរួមស្តាប់ប្រកាសសាលដីកាស្ថាពរលើសំណុំរឿង ០០២/០២ របស់អង្គជំនុំជម្រះតុលាការកំពូល នៃ អ.វ.ត.ក ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងយុត្តិធម៌នៅថ្ងៃសុក្រ ទី២៣ កញ្ញានេះ។
ក្រៅពីលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏ឃើញវត្តមានលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចូលរួមនៅក្នុងពិធីនោះដែរ។
ពាក់ព័ន្ធនឹងសំណុំរឿងលោក ខៀវ សំផននេះ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) បានប្រកាសសាលដីកា ដោយបានតម្កល់សេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងដែលផ្តន្ទាទោសលោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដាក់ពន្ធនាគារអស់ ១ ជីវិត ពាក់ព័ន្ធបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើអមនុស្សធម៌ដទៃទៀត។
បើតាមលោកចៅក្រម គង់ ស្រ៊ីម ប្រធានអង្គជំនុំជម្រះតុលាការកំពូល សម្រាប់បទឧក្រិដ្ឋដែលអង្គជំនុំជម្រះសាលាដំបូងផ្តន្ទាទោសលោក ខៀវ សំផន ដាក់ពន្ធនាគារអស់ ១ ជីវិត គឺជារឿងសមស្រប។ សមស្របដោយសារតែរបបខ្មែរក្រហមបានសម្លាប់ពលរដ្ឋខ្មែរចន្លោះពី ១ លាន ២ សែននាក់ទៅ ជាង ២ លាននាក់។
លោកប្រកាសថា៖ «អង្គជំនុំជំម្រះតុលាការកំពូល សម្រេចតម្កល់ការដាក់ទោសដាក់ពន្ធនាគារអស់ ១ ជីវិត ជនជាប់ចោទ ខៀវ សំផនរបស់អង្គជំនុំជម្រះសាលាដំបូង និងប្រកាសថា ទោសដាក់ពន្ធនាគារអស់ ១ ជីវិត ក្នុងសំណុំរឿង ០០២/០២ នេះត្រូវអនុវត្តត្រួតគ្នាជាមួយនឹងទោសដាក់ពន្ធនាគារអស់ ១ ជីវិតក្នុងសំណុំ រឿង ០០២/០១»។
សូមរំលឹកជូនថា លោក ខៀវ សំផន គឺជាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់តែម្នាក់គត់ ដែលនៅរស់រានមានជីវិត ដែលបច្ចុប្បន្នមានអាយុ ៩១ ឆ្នាំ កំពុងបន្តអនុវត្តនីតិវិធីជាប់ឃុំនៅមន្ទីរឃុំឃាំងបណ្តោះអាសន្ននៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ លោក ត្រូវបានតុលាការខ្មែរក្រហម រកឃើញថា មានពិរុទ្ធភាព ក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ និងអំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិវៀតណាម និងជនជាតិចាម ខណៈលោកគឺជាអតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ។
ការសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូលនេះគឺផ្អែកលើសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដែលបានប្រកាសសាលក្រមកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨៕ ដោយ៖ ឧត្តម