ភ្នំពេញ៖ KEI គឺជាស្ថាប័នសិក្សាស្រាវជ្រាវ ផ្នែកបរិស្ថានធំជាងគេនៅក្នុងសាធារណរដ្ឋកូរ៉េ ហើយបច្ចុប្បន្ន KEI កំពុងគ្រោងនឹងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនបន្ថែម ជាមួយស្ថាប័នរដ្ឋ និងស្ថាប័នសិក្សាស្រាវជ្រាវដទៃទៀតនៅក្នុងតំបន់បូករួមទាំងកម្ពុជា។
ក្នុងជំនួបជាមួយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២២ លោក Lee Chang Hoon ប្រធានប្រតិភូ KEI បានចាត់ទុកកម្ពុជាគឺជាដៃគូដ៏សំខាន់សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនហើយរំពឹងថា នឹងអាចចូលរួមក្នុងការអនុវត្ត គម្រោងអាទិភាពនានាជាមួយក្រសួងបរិស្ថាន ។
ជាការឆ្លើយតប លោក រដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយរឹងមាំ និងកំណើនសេដ្ឋកិច្ចល្អប្រសើរ ដែលជាលទ្ធផលនៃមាគ៌ានយោបាយយុទ្ធសាស្ត្រ និងគោលនយោបាយ ដ៏ត្រឹមត្រូវ ជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល កម្ពុជាមានឱកាសពេញលេញដើម្បីគិតគូរដោះស្រាយបញ្ហាប្រឈមបរិស្ថានជាអាទិ៍ បញ្ហាសំរាម សំណល់រឹង បញ្ហាទឹកកខ្វក់ បញ្ហាបំពុល បញ្ហាប្រែប្រួល អាកាសធាតុ ជាដើម។
លោក រដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ជូនគណៈប្រតិភូ KEI អំពីគម្រោងអាទិភាពមួយចំនួនដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តជាមួយដៃគូអភិវឌ្ឍន៍ រួមមាន ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការរៀបចំទីលានទុកដាក់សំរាម ការរៀបចំប្រព័ន្ធលូនិងទឹកកខ្វក់ទីប្រជុំជន ការរៀបចំទីក្រុងឆ្លាតនិង ប្រកបដោយចីរភាព ការជំរុញការប្រើប្រាស់ថាមពលស្អាត និងការពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេស ពាក់ព័ន្ធនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម។
សម្រាប់គម្រោងទាំងនេះ លោកប្រធានប្រតិភូ KEI បានបញ្ជាក់ជូន លោករដ្ឋមន្ត្រីថា នឹងពិនិត្យលទ្ធភាពលើការប្រើប្រាស់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួម ជាមួយក្រសួងបរិស្ថាន ជាពិសេសលើគម្រោងគ្រប់គ្រងសំរាម សំណល់រឹងនិងរៀបចំទីលានសំរាម និងគម្រោងរៀបចំប្រព័ន្ធលូនិងទឹកកខ្វក់៕
ដោយ៖ គង់ សេដ្ឋាមុនី