សៀមរាប៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណដល់ដៃគូរអន្តរជាតិទាំងអស់ ដែលបានចូលរួមជាមួយ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃ ព្រះវិហារ (ICC-Preah Vihear)។
«ក្រៅពីការផ្តល់ជំនួយជាទឹកប្រាក់ យើងក៏ទទួលបានអ្នកជំនាញអន្តរជាតិ មកធ្វើការជាមួយអ្នកជំនាញខ្មែរយើង ដែលធ្វើឱ្យយើងទទួលបានបច្ចេកទេស បទពិសោធន៍បន្ថែមទៀត ក្នុងគោលដៅបង្កើនបានធនធានមនុស្សកម្ពុជាឱ្យបានកាន់ច្រើនបន្ថែមទៀត»។នេះជាការថ្លែងបន្ថែមរបស់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៧នៃ ICC-Preah Vihear នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ នៅខេត្តសៀមរាប
អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍ ICC-Preah Vihear នឹងរៀបចំកិច្ចប្រជុំពេញអង្គ ICC-Preah Vihear នៅអំឡុងពេល៦ខែជាថ្មីម្តងទៀត នៅខែមីនា ឆ្នាំ២០២៣ ដើម្បីតាមដានវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍លើការងារអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
សូមបញ្ជាក់ថា កិច្ចប្រជុំបច្ចេកទេសលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃ ព្រះវិហារ (ICC-Preah Vihear) ត្រូវបាន លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ធ្វើជាសហប្រធានឥណ្ឌា និងលោកស្រី Zhu Ye អគ្គនាយករងទទួលបន្ទុកការផ្លាស់ប្តូរនិងសហប្រតិបត្តិការនៃរដ្ឋបាលវប្បធម៌និងបេតិកភណ្ឌចិនធ្វើជាសហប្រធានចិន៕
ដោយ៖ គង់ សេដ្ឋាមុនី