លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ ការយកចិត្តទុកដាក់លើអតីតយុទ្ធជន មន្រ្តីរាជការ គ្រូបង្រៀនចូលនិវត្តន៍ គឺជាកាតព្វកិច្ច

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីនាថ្ងៃអនាគត នៃបក្សកាន់អំណាចបច្ចុប្បន្ន បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកនៅថ្ងៃនេះថា ការយកចិត្តទុកដាក់លើអតីតយុទ្ធជន មន្រ្តីរាជការ គ្រូបង្រៀនចូលនិវត្តន៍ គឺជាកាតព្វកិច្ចផ្នែកសីលធម៌ដែលត្រូវធ្វើ។ លោកថា វាមិនខុសពីការយកចិត្តទុកដាក់ចំពោះឱពុកម្តាយ ឬអាណាព្យាបាលក្នុងគ្រួសារមួយនោះទេ។

សម្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត អតីតយុទ្ធជន អតីតគ្រូបង្រៀន និងមន្រ្តីចូលនិវត្តន៍ បានធ្វើការលះបង់ជាច្រើនដើម្បីបុព្ធហេតុសុខសន្តិភាព និងការអភិវឌ្ឃរីកចម្រើនរបស់ប្រទេសជាតិ ហើយក៏ជាអ្នកត្រួសត្រាយផ្លូវនិងកសាងមូលដ្ឋានសម្រាប់ផ្តល់ឱកាសឱ្យយោធិន និងមន្រ្តីរាជការជំនាន់ក្រោយអាចបន្តការងារបម្រើជាតិបានកាន់តែងាយស្រួលនិងមានប្រសិទ្ធភាព។

ម្យ៉ាងវិញទៀត ពួកគាត់គឺជាធនធានយ៉ាងសំខាន់ ដែលពោរពេញទៅដោយចំណេះដឹងនិងបទពិសោធន៍ការងារដែលអាចចែករំលែកដល់អ្នកជំនាន់ក្រោយ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត៕ ដោយ៖ សម្បត្តិ សំណាង