ភ្នំពេញ៖ រដូវភ្ជុំឆ្នាំនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបង្កលក្ខណៈងាយស្រួលដល់ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរពីភ្នំពេញ ទៅស្រុកកំណើតនៅតាមបណ្ដាខេត្តក្រុងដែលមានខ្សែរថភ្លើងឆ្លងកាត់។
អ្នកមកទទួលសំបុត្រជិះរថភ្លើងមិនគិតថ្លៃនៅស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញបានសំដែងការពេញចិត្ត និងរីករាយចំពោះអាជ្ញាធរ និង ក្រសួងសាធារណការដែលបានរៀបចំឱ្យមានមធ្យោបាយធ្វើដំណើរល្អនិងមិនគិតថ្លៃ។
លោក មាន សំនៀង មកទទួលសំបុត្រនៅស្ថានីយ៍រថភ្លើងបាននិយាយថា លោក ក្រុមគ្រួសារ រួមទាំងឱពុកម្ដាយលោកចង់ធ្វើដំណើរតាមរថភ្លើងណាស់។ លោកថា «រដ្ឋាភិបាលឱ្យពលរដ្ឋជិះអត់គិតលុយរដូវបុណ្យទានអ៊ីចឹងល្អណាស់ ព្រោះលោកបានសល់លុយខ្លះសម្រាប់ចំណាយចាយវាយផ្សេងៗពេលជួបជុំបងប្អូននៅស្រុកំណើត»។
ចំណែក លោក ខែម សុវណ្ណារិទ្ធិ ជានិស្សិតមកពីខេត្តបន្ទាយមានជ័យសិក្សានៅភ្នំពេញបាននិយាយថា «សម្រាប់ខ្ញុំៗមករៀននៅភ្នំពេញបានជិះរថភ្លើងអត់គិតលុយទៅស្រុកកំណើត អាចជួយកាត់បន្ថយចំណាយបានមួយកម្រិតដែរ ហើយខ្ញុំគិតថា ជិះរថភ្លើងមានសុវត្ថិភាព»។
លោក បៀរ វិចិត្រ អ្នកគ្រប់គ្រងតាមផ្នែកប្រចាំស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញបានឱ្យដឹងថា ការចែកសំបុត្រមានតែ២ថ្ងៃប៉ុណ្ណោះគឺថ្ងៃទី២១ និង ២២ខែកញ្ញាឆ្នាំ២០២២។
សម្រាប់ពេលវេលាជិះរថភ្លើង ខាងស្ថានីយ៍រថភ្លើងបានបែងចែកកាលវិភាគម៉ោងចែកសំបុត្រសម្រាប់ធ្វើដំណើរថ្ងៃទី២៥.០៩.២០២២
👉 ភ្នំពេញ » រមាស » ក្ដុល » បំណក់ » ពោធិ៍សាត់ » មោង » អូសាឡៅ » អូដំបង » បាត់ដំបង និងមានចែកសំបុត្រជូននៅព្រឹក ថ្ងៃទី ២២.០៩.២០២២ វេលាម៉ោង 0៩:00ព្រឹក ទីតាំងស្ថានីយ៍រថភ្លើងភ្នំពេញនៅកន្លែងលក់សំបុត្រ
👉 ភ្នំពេញ » កុមារាជា » តាកែវ » តានី » ទូកមាស » កំពង់ត្រាច » កែប » កំពត » វាលរេញ » កំពង់សោម និងមានចែកសំបុត្រជូននៅព្រឹក ថ្ងៃទី ២២.០៩.២០២២ វេលាម៉ោង ១១:00ព្រឹក ទីតាំងស្ថានីយ៍រថភ្លើងភ្នំពេញនៅកន្លែងលក់សំបុត្រ
🎯 មោងចែកសំបុត្រសំរាប់ធ្វើដំណើរថ្ងៃទី ២៦.០៩.២០២២
👉 ភ្នំពេញ » រមាស » ក្ដុល » បំណក់ » ពោធិ៍សាត់ » មោង » អូសាឡៅ » អូដំបង » បាត់ដំបង និងមានចែកសំបុត្រជូននៅថ្ងៃទី២២.០៩.២០២២ វេលាម៉ោង ១៣:00រសៀល ទីតាំងស្ថានីយ៍រថភ្លើងភ្នំពេញនៅកន្លែងលក់សំបុត្រ
👉 ភ្នំពេញ » កុមារាជា » តាកែវ » តានី » ទូកមាស » កំពង់ត្រាច » កែប » កំពត » វាលរេញ » កំពង់សោម និងមានចែកសំបុត្រជូននៅថ្ងៃទី ២២.០៩.២០២២ វេលាម៉ោង ១៥:00រសៀល ទីតាំងស្ថានីយ៍រថភ្លើងភ្នំពេញនៅកន្លែងលក់សំបុត្រ៕
ដោយ៖ គង់ សេដ្ឋាមុនី