ភ្នំពេញ៖ សាលាភូមិន្ទរដ្ឋបាល នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០ ចំនួន ១២០នាក់ ហើយបេក្ខជនត្រូវជ្រើសរើសភាសាជាមុនក្នុងការដាក់ពាក្យ សម្រាប់ការបណ្តុះបណ្តាល ឆ្នាំ២០២៣។
សេចក្តីជូនដំណឹង របស់ សាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថា កាលបរិច្ឆេទនៃការបំពេញពាក្យ និងទទួលពាក្យចាប់ផ្តើមពីថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៧:៣០នាទី ជាពេលផុតកំណត់។
ដើម្បីទទួលបានសិទ្ធិចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០បេក្ខជនទាំងអស់ត្រូវអនុវត្តតាមនីតិវិធីដូចជា៖ ចូលទៅគេហទំព័រ sms.era.gov.kh ដើម្បីបំពេញពាក្យសុំសិទ្ធិប្រឡង និងស្ពានបញ្ជួនច្បាប់ដើម ភ្ជាប់ដូចជា៖ ១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឆាយា(ព្រះសង្ឃ), ២.សញ្ញាបត្រចុងក្រោយកម្រិតទាបបំផុតសមមូលមធ្យមសិក្សាទុតិយភូមិ បូក២(ពីរ)ឆ្នាំ ឬសញ្ញាបត្រដែលមានតម្លៃស្មើ, ៣រូបថត ទំហំ៤x៦ (ផ្ទៃខាងក្រោយពណ៌ស), ៤.លិខិតបញ្ជាក់រដ្ឋបាលចេញដោយប្រធានអង្គភាពទទួលបន្ទុកកិច្ចការបុគ្គលិក ឬប្រធានអង្គភាពគ្រប់គ្រងផ្ទាល់ដែលមានសុពលភាពរយៈពេល៣(បី)ខែ (សម្រាប់មន្ត្រីរាជការ) និង ៥.ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពី៤លើកឡើងទៅ(សងខាង) ក្នុងករណីមានការក្លែងបន្លំឯកសារ សាមីខ្លួនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ការប្រឡងប្រជែងនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ រីឯកាលបរិច្ឆេទជាក់ស្ដែង នឹងត្រូវប្រកាសផ្សព្វផ្សាយជូននៅពេលក្រោយតាមរយៈគេហទំព័ររបស់សាលាភូមិន្ទរដ្ឋបាល៕
ដោយ៖ គង់ សេដ្ឋាមុនី