មន្ត្រីជលផលខេត្តកណ្ដាល៖ ទិន្នផលត្រីនាឆ្នាំនេះកើនឡើងជាងឆ្នាំមុន

កណ្ដាល៖ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានព្យា​ករណ៍ថា ទិន្នផលត្រីនាឆ្នាំនេះនឹងមានការកើនឡើងជាងឆ្នាំមុន ដោយលោកសង្កេតឃើញថា កូនត្រីនៅឆ្នាំនេះមានការកើនឡើងច្រើនជាងឆ្នាំមុន ដោយឆ្នាំនេះភ្លៀងធ្លាក់ដើមឆ្នាំច្រើន ហើយបឹងព្រែ​ក​មួយចំនួនក្នុងភូមិសាស្ត្រខេត្តកណ្ដាល ទឹកមិនបានរីងស្រកអស់ទេ។ នេះបើតាមរដ្ឋបាលខេត្តកណ្ដាល។

លោក ហេង សុភារិទ្ធិ បានព្យាករណ៍បែបនេះក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ និងដោយមានការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពញាឮ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រភូមិកំពង់អុស និង ភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។

លោកបានបន្តថា ផលត្រីឆ្នាំនេះនឹងមានការកើនឡើង ហើយមានគុណភាពល្អផងដែរ ព្រោះថា ឆ្នាំនេះទឹកមានចាប់ពីដើមឆ្នាំ ហើយមានការចុះបង្ក្រាបសៃយឺនស្បៃមុង ដែលធ្វើឱ្យមានកូនត្រីចម្រុះជាច្រើនប្រភេទ ដោយក្នុងមួយសៃយឺនស្បៃមុងមានប្រភេទកូនត្រីចម្រុះប្រមាណពី៣០ ទៅ៥០គីឡូក្រាម។

ក្នុងឱកាសនោះដែរ លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ មានដូចជា៖ អួនអូសទឹកសាប ឧបករណ៍ឆក់ត្រី ឈិបយន្ត កន្ត្រងអូសលៀសដោយម៉ា​ស៊ី​ន លបប្រើស១០០ សៃយ៉ឺនស្បៃមុង និងឧបករណ៍នេសាទខុសច្បាប់នានា ត្រូវប្រគល់ជូនអា​ជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរៀងៗខ្លួន និងត្រូវបញ្ឈប់ការនេសាទខុសច្បាប់នានាទាំងអស់ ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផល ធ្វើឱ្យទិន្នផលត្រី នៅក្នុងខេត្តកណ្ដាលមា​ន​និរន្តរភាពផងដែរ។

ក្នុងការចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិកំពង់អុស និង ភូមិដងគោម ឃុំកំពង់អុស ស្រុកព​ញា​ឮ ក្រុមការងារបានធ្វើការបង្ក្រាប សៃយឺនស្បៃមុង ចំនួន ៥៥មាត់លូ របាំងព្រួលស្បៃមុងប្រវែង ៤ ២០០ម៉ែត្រ បង្គោលតូចធំ ចំនួន ១ ៤០០ដើម និងបានចាក់លែងកូនត្រីចម្រុះ ប្រ​មាណ ១៥០គីឡូក្រាម ផងដែរ ៕

ដោយ៖ គង់ សេដ្ឋាមុនី